មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ សហគមន៍តំបន់ការពារធម្មជាតិ ជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការិចរឹលព្រៃឈើ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង និងជីវភាពរស់នៅតាមមូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុក ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះសម្រេចបានលទ្ធផល កាន់តែប្រសើរថែមទៀត តាមរយៈសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយន្តការមួយប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ដោយបានជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការិចរឹលព្រៃឈើ និងការអភិរក្សធនធានធម្មជាតិ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ជួយដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានជួយសហគមន៍សហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានឱកាសចូលរួមចំណែកលើកកម្ពស់សិទ្ធិ ក្នុងការគ្រប់គ្រងព្រៃឈើ ផ្តល់អភិបាលកិច្ចនិងក្របខណ្ឌច្បាប់ពេញលេញ ដល់ប្រជាជនមូលដ្ឋាន ក្នុងការទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការចិញ្ជឹមជីវិត ធានាសន្តិសុខស្បៀង និងបង្កើនចំណូលផ្សេងក្រៅពីការដាក់សម្ពាធលើព្រៃឈើ។

កន្លងមកក្រសួងបរិស្ថានបានសម្របសម្រួលបង្កើតនិងកំពុងធ្វើការជំរុញយុទ្ធនាការ«ពន្លកបៃតង» ជាមួយសហគមន៍ការពារធម្មជាតិ សរុបចំនួន ១៩៣សហគមន៍ ។ នៅក្នុង ក្រសួងបរិស្ថានកំពុងអភិវឌ្ឍន៍ «របៀងគោលដៅលំហែបៃតង ដោយធ្វើការតភ្ជាប់គោលដៅកម្សាន្តរបស់អ្នកទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ នៅលើខ្នងភ្នំគូលែន ដែលផ្តោតលើមានការរៀបចំ សម្បទាទេសចរណ៍ ដូចជាការសាសង់ កន្លែងបោះតង់ស្នាក់នៅ តាមរចនាបទខ្មែរ ការរៀបចំផ្លូវ គោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍) ។ល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅ បានសាសង់កន្លែងសម្រាកលំហែបៃតងចំនួន ១០កន្លែង និងជួយសាសង់នៅកន្លែងផ្សេងទៀតជាបន្តបន្ទាប់ ជូនសហគមន័តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលជាសហគមន៍មួយស្ថិតក្នុងរបៀងលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ ប្រពៃណី ដែលជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

សូមបញ្ចាក់ថា អ្នកសារព័ត៌មានជាង ២០អង្គភាព បានចូលរួមសិក្សាស្វែងយល់ពីសក្តានុពលធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈគម្រោង”ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM Project)” និងមានការសម្របសម្រួលពីអង្គការសុខិកាល។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សិក្សាស្វែងយល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណីនៅក្នុងតំបន់ការពារធម្មជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ សែម បូរិន

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner