ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា ៖ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងអង្គការ CIRD សហការគាំទ្រកសិករ ដំណាំស្រូវ

បាត់ដំបង៖ កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្ត​បន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍​ពីកម្មវិធី​បណ្តុះ​បណ្តាលរយៈ​ពេល ១៤ ខែស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកទេសកសិកម្ម​ឆ្លាតវៃ»។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជនបទកម្ពុជា (CIRD) ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងកសាងភាពធន់នឹងបញ្ហា​ប្រឈមនឹងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់​វគ្គបណ្តុះបណ្តាលទៅ​ដល់ប្រជាកសិករដែលដឹកនាំដោយអ្នកជំនាញផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាត​វៃ។ តាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកទេសទំនើប​ក្រោមការសហការនេះ កសិករនឹងមានការយល់ដឹងបន្ថែមពីទិន្នផល​ដំណាំរបស់គាត់ និងសម្របខ្លួនទៅនឹងការវិវត្តនៃលក្ខខណ្ឌបរិស្ថាន។

ការអនុវត្តគម្រោងតាមវិធីសាស្រ្តនេះនឹងជួយដល់កសិករក្នុងការផ្គត់ផ្គង់ស្រូវទៅគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ផុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បាន​លើក​ឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ ដោយលោកមានប្រសាសន៍ថា៖ «អង្ករគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជីវភាព​រស់នៅ​របស់ប្រជាជនយើង។ កសិកររបស់​យើងធ្វើការដោយមិននឿយហត់​ដើម្បីទ្រទ្រង់វិស័យដ៏សំខាន់មួយនេះ ហើយភាពជាដៃគូរវាង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង CIRD មានសារៈសំខាន់ក្នុងការពង្រឹង​សមត្ថភាពប្រជាកសិកររបស់យើងនូវជំនាញ និងធនធានចាំបាច់​ក្នុងវិស័យកសិកម្ម។ តាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ កសិករអាចបង្កើនផលិតភាព​របស់គាត់ ខណៈពេលដែល​ធានាបាននូវសន្តិសុខស្បៀងអាហាររយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ច​សម្រាប់​សហគមន៍។

អង្គការ CIRD ដែលជាដៃគូសំខាន់ក្នុងគំនិតផ្តួចផ្តើមនេះមានជំនាញ​យ៉ាងទូលំទូលាយក្នុងការពង្រឹងវិស័យស្រូវ​អង្ករ​របស់កម្ពុជា តាមរយៈ​កម្មវិធីបណ្តុះបណ្តាលក្រោមការស្រាវជ្រាវយ៉ាងជាក់លាក់។ នៅក្នុង​គម្រោងនេះ CIRD នឹងដឹកនាំ​ការអនុវត្តវគ្គបណ្តុះបណ្តាលដោយផ្ទាល់ទៅ​កាន់ប្រជាកសិករនូវការណែនាំជាក់ស្តែង និងអនុវត្តផ្ទាល់តាមតម្រូវការ​របស់គាត់។

លោក រ៉ាត រតនា ប្រធានកម្មវិធី CIRD បានមានប្រសាសន៍ថា៖ «ដោយ​មានការគាំទ្រពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងនឹងបន្តគាំទ្រកសិករ​កម្ពុជាប្រមាណ ៥០០ នាក់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ​ដើម្បីបង្កើនផលិតភាព និងទិន្នផលដំណាំស្រូវរបស់គាត់។ ឥឡូវនេះ កសិករអាចធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដែលអាចលើកកម្ពស់ជីវភាពរស់​នៅ លើកកម្ពស់គុណភាពដំណាំ និងបន្តការពារបរិស្ថានរបស់យើង។

លោកបន្តថាកម្មវិធីបណ្តុះបណ្តាលរបស់យើងផ្តោតសំខាន់លើការលើកកម្ពស់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកក្នុងរយៈពេលវែងផងដែរ»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តចំពោះមហិច្ឆតារយៈ​ពេលវែងរបស់ខ្លួនចំពោះការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់​តែប្រសើរ» តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗគ្នា រួមទាំងការគាំទ្រផលិតផលក្នុងស្រុក និងកសិករតាមរយៈគម្រោងនិរន្តរភាព។ ជាក់ស្តែង កម្មវិធីមួយនេះបាន​បញ្ជាក់ពីការរពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើក​កម្ពស់​ប្រភពធនធានក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាពនៅក្នុងទិដ្ឋភាពកសិកម្មរបស់កម្ពុជា។

លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសង្កត់ធ្ងន់លើការ​យកចិត្តទុកដាក់របស់ក្រុមហ៊ុន​ចំពោះសហគមន៍កសិកម្មក្នុងស្រុក៖ «ក្រុមហ៊ុន ហ៊ិននីគែន បានចំណាយ​ប្រមាណ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ១៤២ លានដុល្លារអាមេរិកទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣ ។ ទំហំទឹកប្រាក់នេះត្រូវបានចំណាយលើផលិតផលក្នុងស្រុកដែលយើងត្រូវការចាំបាច់សម្រាប់ផលិតស្រាបៀរ។ តាមរយៈការវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាព យើងមាន​គោល​បំណងគាំទ្រកសិករកម្ពុជា​ក្នុងការកសាង​អនាគតប្រកបដោយភាពធន់ និងវិបុលភាព។
លោកស្រីបន្្តថា យើងក៏សង្ឃឹមថានឹងរួមចំណែកដល់ការទទួលស្គាល់ជាបន្តនូវ​គុណភាពខ្ពស់នៃអង្ករកម្ពុជា ដែលជាប្រភពនៃ​មោទនភាពដ៏​ធំធេងក្នុងស្រុក និងជាសក្ខីភាពនៃឧត្តមភាពកសិកម្មរបស់ប្រទេសជាតិដែលមានវត្តមាននៅលើឆាកអន្តរជាតិ»។
គម្រោងនេះបានទទួលការចូលរួមសាទរពីកសិករដែលបានធ្វើការអនុវត្តវិធីសាស្រ្តធ្វើកសិកម្មប្រកបដោយនិរន្តរភាព។

អ្នកស្រី លី ធឿត ស្ថិតក្នុងចំណោមកសិករដែលបានចូលរួមក្នុងកម្មវិធី​បណ្តុះបណ្តាលនេះ ហើយបានមើលឃើញពីភាព​ប្រសើរឡើងគួរឱ្យកត់​សម្គាល់ទាំងទិន្នផល និងជីវភាពរស់នៅដោយសារចំណេះដឹងដែល​ទទួល​បានពីគម្រោងនេះ។

អ្នកស្រី លី ធឿត បានចែករំលែកបទពិសោធន៍ថា៖ «វគ្គបណ្តុះបណ្តាល​នេះមានអត្ថប្រយោជន៍សម្រាប់ខ្ញុំ និងគ្រួសាររបស់​ខ្ញុំ។ ជាមួយនឹង​បច្ចេកទេសថ្មីដែលយើងបានសិក្សា យើងមិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែចេះមើលថែទាំដីសម្រាប់​ដំណាំស្រូវ និងធនធានរបស់យើងឱ្យកាន់តែ​ប្រសើរឡើងផងដែរ។ ចំណេះដឹងទាំងនេះបានជំរុញឱ្យយើងបាន​យល់ដឹង​កាន់តែច្បាស់អំពីការកសាងអនាគតប្រកបដោយនិរន្តរភាព ដើម្បីគ្រួសារ និងសហគមន៍របស់យើង»។

នៅពេលដែលវិស័យកសិកម្មរបស់កម្ពុជាមានការវិវឌ្ឍការវិនិយោគលើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពកាន់តែមានសារៈសំខាន់។ អង្ករកម្ពុជាគឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងស្រាបៀរ Anchor និង Tiger ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង​ជាបន្តបន្ទាប់របស់ ហ៊ិននីគែន ខេមបូឌា ក្នុងការគាំទ្រធនធានក្នុងស្រុកខណៈពេលដែលជំរុញវិស័យកសិកម្មកាន់តែជឿន​លឿន និង​មាននិរន្តរភាព។ តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបន្តពង្រឹងការប្តេជ្ញាចិត្ត​របស់ខ្លួនចំពោះមហិច្ឆតា «ធ្វើឱ្យប្រទេស​កម្ពុជា​កាន់តែប្រសើរ»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈាន​មុខគេនៅ​លើពិភពលោក និងជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិ​យោគឈានមុខនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោក​មួយ​កាន់​តែប្រសើររ ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាក​យីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោល​ជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់​នៅទូទាំងច្រវាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំងសង្គម និងការពិសាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com។

សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គឺជាអង្គការវិជ្ជាជីវៈក្រៅរដ្ឋាភិបាលមួយដែល​ត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមអ្នកឯកទេសអភិវឌ្ឍន៍ជនបទមានជំនាញ​ផ្នែក​កសិកម្មដែលមានបេសកកម្ម​ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដើម្បីលើកកម្ពស់​ជីវភាព​រស់នៅរបស់សហគមន៍ជនបទក្នុងប្រទេសកម្ពុជាតាម​រយៈការ​កសាងសមត្ថភាព សេវាកម្ម និងការគ្រប់គ្រងអង្គការដែលគាំទ្រដល់ការធ្វើឱ្យ​ជីវភាពនៅតាមជនបទប្រសើរឡើងពីកសិកម្ម​បែបគ្រួសាេទៅជាកសិកម្ម​បែបពាណិជ្ជកម្ម និងប្រព័ន្ធកសិកម្មបែបសហគ្រាសដែលស្របជាមួយជីវចម្រុះ និងការអភិរក្ស​បរិស្ថាន។ CIRD ធ្វើការដោយផ្ទាល់ជាមួយអង្គការកសិករ (FO) និងសហគមន៍មូលដ្ឋានដើម្បីផ្តល់ជាការគ្រប់គ្រង និងបច្ចេកទេស៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner