ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញផ្សព្វផ្សាយស្តីពីភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជូនដល់កងកម្លាំងចម្រុះដែលប្រចាំការនៅតំបន់អូរឃ្មង ឃុំសុចិត្រ ស្រុកសណ្ដាន់ ។

លោក ណុត ឆៃយ៉ា អនុប្រធានការិយាល័យនៃមន្ទីរបរិស្ថាន ខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មងបញ្ជាក់ថា ក្នុងរយៈពេលជាង៩ខែកន្លងទៅ នេះកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលនៅតំបន់អូរឃ្មង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះបានខិតខំប្រឹងប្រែងការពារ ទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ហើយបានរកឃើញផ្ទៃដីប្រមាណជាងមួយពាន់ហិកតាដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានមុនពេលកងកម្លាំងចម្រុះមកដល់។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ កងកម្លាំងចម្រុះ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ដោយគ្មានការកាប់ទន្ទ្រានព្រៃឈើជាថ្មីទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈ,ស្បៀងអាហារជាគ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ មួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក៕
ដោយ៖ ប៊ុន រដ្ឋា

