អគ្គនាយកស៊ីម៉ាក់ រំលឹកពីខួប៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន- រុស្ស៊ី
ភ្នំពេញ៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬហៅកាត់ថា ស៊ីម៉ាក់ (CMAC)លើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានសរសេរអត្ថបទខ្លី
ទាក់ទងនឹងសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី គម្រប់បីឆ្នាំ។
ជាមួយរូបថតជាច្រើនសន្លឹកឯកឧត្តម ហេង រតនា បានសរសេរថា “ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជាខួបគំរប់៣ឆ្នាំនៃការចាប់ផ្តើមសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ពោលគឺកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបញ្ជូនកងទ័ពចូលទឹកដីអ៊ុយក្រែន”។

សង្គ្រាមបាននិងកំពុងបំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់អ៊ុយក្រែន និងផ្នែកខ្លះរបស់រុស្ស៊ី ។មនុស្សរាប់សែននាក់បានស្លាប់។ ប្រជាជនអ៊ុយក្រែនចំនួនជាង៨.៥លាននាក់ក្លាយជាជនភៀសខ្លួនទៅក្រៅប្រទេស ជាពិសេសប្រទេសអឺរ៉ុបដែលទទួលជនភៀសខ្លួនច្រើនជាងសម័យសង្គ្រាមលោភលើកទី២ទៅទៀតនិងមានប្រជាជនជាង៨លាននាក់ជាជនភៀសខ្លួនក្នុងប្រទេស។ អគារធំតូច ទីធ្លាសាធារណៈ រោងចក្រ ប្រពន្ធ័អគ្គិសនី-ទឹកស្អាត ស្ពាន ផ្លូវថ្នល់ …ត្រូវបានបំផ្លិចបំផ្លាញស្ទើគ្មានសល់។ ដីព្រៃភ្នំ បរិស្ថានស្រែចម្ការ ក្លាយជាទីលានសមរភូមិ ចម្ការមីន…។ឯកឧត្តមបញ្ជាក់។
ឯកឧត្តមបានបន្តថា “យុវជនអ៊ុយក្រែនធ្លាប់តែលឺសំឡេងស្រែកសប្បាយអបអរសាទរកីឡាបាល់ទាត់ កីឡាប្រដាល់…ដ៏អស្ចារ្យរបស់ជាតិសាសន៍ខ្លួន បានប្រែក្លាយលឺតែសំឡេងគ្រាប់បែក គ្រាប់កាំជ្រួច ដ្រូនទម្លាក់គ្រាប់បែក…។
ជាមួយសំឡេងយំស្រែកទឹកភ្នែកឥតល្ហែ តើសន្តិភាពនៅឯណា? ពេលណាទើបត្រឡប់មកវិញ”។

ជាមួយគ្នានេះឯកឧត្តម ហេង រតនា លើកជាសំណួរថា តើការបាត់បង់បំផ្លិចបំផ្លាញត្រូវការពេលវេលាយូរប៉ុណ្ណាទើបស្តារឡើងវិញបាន? អ្នកណាជាអ្នកទទួលខុសត្រូវ?។ ការបំផ្លិចបំផ្លាញដោយសង្គ្រាមក្នុងរយ:ពេល៣ឆ្នាំ តែការកសាងអាចត្រូវការពេលវេលារាប់ទសវត្សរ៍។
នៅចុងបញ្ចប់ឯកឧត្តមអគ្គនាយកស៊ីម៉ាក់បានគូសបញ្ជាក់ថា “ស្គាល់នូវសោកវិនាសកម្មនៃសង្គ្រាម ទើបយល់ដឹងពីតម្លៃមហាសាលនៃសន្តិភាព!!”៕
