មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក៖ កងទ័ពកម្ពុជា-អាមេរិក អាចចាប់ផ្ដើមធ្វើសមយុទ្ធយុទ្ធឆ្មាំអង្គរឡើងវិញបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថា កងទ័ពកម្ពុជា-អាមេរិក អាចចាប់ផ្ដើមធ្វើសមយុទ្ធយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ នៅក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក និងបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅពេលនេះ ថាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ដោះមីន មនុស្សធម៌ និងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅកម្ពុជា ការចូលចតនាវានៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងយោធពលខេមរភូមិន្ទបានបញ្ជូនប្រតិភូទៅចូលរួមកម្មវិធីនានាដែលរៀបចំឡើងដោយកងទ័ពសហរដ្ឋអាមេរិក ជាដើម។ ឯកឧត្តម បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ឡើងវិញសម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម និងភាសាអង់គ្លេស ដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងបន្ថែមសមត្ថភាព។ ឯកឧត្តម បានសំណូមពរកិច្ចការមួយចំនួនដើម្បីបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព កិច្ចសន្ទនារវាងកងទ័ពជើងគោកប្រទេសទាំងពីរ ការបង្កើនវគ្គបណ្តុះបណ្តាលបណ្ឌិតសភាយោធាតាមបណ្តាប្រភេទទ័ព រួមនឹងវគ្គទំនាញមួយចំនួនទៀត។
ទន្ទឹមនេះ ឯកឧត្តមបានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ការបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក បានថ្លែងអំណរគុណឯកឧត្តម អគ្គមេបញ្ជាការ ដែលបានលើកឡើងពីសំណូមពរនានានៅកិច្ចការដែលកងទ័ពប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានសន្យាថានឹងពាំនាំនូវសំណូមពរទាំងនេះទៅពិភាក្សានៅឯបញ្ជាការ ក្នុងនោះផ្ដោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ និងការប្រឆាំងភេរវកម្មជាដើម។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលខុសត្រូវដល់បុគ្គលិកជនជាតិអាមេរិកបាត់ខ្លួនលើទឹកដីកម្ពុជា ក្នុងការបន្តស្វែងរកអដ្ឋិធាតុដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារអ្នកទាំងនោះវិញ។ ចំពោះសំណូមពរធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក បានគូសបញ្ជាក់ពីកិច្ចពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖បញ្ជាការដ្ឋានកងទ័ពជើងគោក



