ឯកឧត្តម យីន លី៖ ចិននៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងលេខាធិការនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន បានបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគស្មាញយ៉ាងណាក៏ដោយ ចិននៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិនគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តម យីន លី (Yin Li) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេចបានចាត់ទុកថានឹងរួមចំណែកពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
ឯកឧត្តម យីន លី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យឯកឧត្តមនិងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា។ ឯកឧត្តមក៏បានពាំនាំជូនសម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបានបន្តថា សម្តេចគឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និងជាអ្នកនយោបាយជើងចាស់មួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន។
ឯកឧត្តម បានជម្រាបជូនសម្តេចថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺក្នុងគោលបំណង ៖ (១) អនុវត្តកុងសង់ស៊ីសនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ (២) ពង្រឹងការទុកចិត្តគ្នាទៅវិញទៅមក (៣) ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅថ្នាក់ក្រោមជាតិ និង(៤)ជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេច កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់សម្តេច ទៅ ឯកឧត្តម ស៊ី ជីនពីង វិញផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់កម្ពុជា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» ។ អរគុណមិត្តចិន ដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា រួមទំាងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា ផងដែរ។ សម្តេចមានជំនឿជាក់យ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹង ចូលរួមចំណែកដល់ការផ្លាស់ប្តូរ យុវជននៃប្រទេសទាំងពីរ។ ជាចុងក្រោយ សម្ដេចតេជោ បានជូនពរ ឯកឧត្តម យីន លី (Yin Li) និងគណៈប្រតិភូ សូមប្រកបជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន




