អនាគតមេដឹកនាំថ្មីអាល្លឺម៉ង់ថា អឺរ៉ុបគួរស្វែងរកឯករាជ្យ កុំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក

ប៊ែរឡាំង ៖ បន្ទាប់ពីក្រុមអភិរក្សនិយមទទួលបានជ័យជម្នះនៅក្នុងឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ អនាគតមេដឹកនាំអាល្លឺម៉ង់ថ្មី លោក Friedrich Merz បានប្តេជ្ញាថា នឹងជួយផ្តល់ឱ្យអឺរ៉ុបនូវឯករាជ្យភាពពិតប្រាកដ ចេញពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ខណៈដែលលោកត្រៀមរៀបចំបង្កើតរដ្ឋាភិបាលរួបរួមមួយ។

លោក Merz ដែលជាប្រធានគណបក្សអភិរក្សនិយម Christian Democratic Union (CDU) នឹងក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី ផ្អែកលើលទ្ធផលបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមលទ្ធផលបោះឆ្នោតបឋម សម្ព័ន្ធគណបក្ស CDU/CSU របស់លោក Merz ទទួលបានសំឡេងគាំទ្រ ២៨.៥ភាគរយ ខណៈគណបក្ស Social Democrats (SPD) របស់លោកអធិការបតី Olaf Scholz ទទួលបានសំឡេងគាំទ្រ ១៦.៤ភាគរយ។

លោក Merz មានវ័យ ៦៩ឆ្នាំ បានគូសបញ្ជាក់ថា អាទិភាពសំខាន់បំផុតរបស់គាត់ គឺការពង្រឹងអឺរ៉ុបឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះមួយជំហានម្តងៗ យើងពិតជាអាចទទួលបានឯករាជ្យភាពពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។

អនាគតមេដឹកនាំអាល្លឺម៉ង់ថ្មីរូបនេះ បានសង្កត់ធ្ងន់ទៀតថា លោកមិនធ្លាប់គិតថា នឹងនិយាយពាក្យសម្តីបែបនេះតាមកញ្ចក់ទូរទស្សន៍ទេ ប៉ុន្តែបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានបង្ហាញយ៉ាងច្បាស់ថា ជនជាតិអាមេរិកនៅក្នុងរដ្ឋបាលថ្មីនេះ ភាគច្រើនព្រងើយកន្លើយ ចំពោះជោគជ័យវាសនារបស់អឺរ៉ុប។

ការព្រមានធ្ងន់ៗរបស់លោក Merz កើតឡើងបន្ទាប់ពីលោក ត្រាំ បានបញ្ជូនភាពតក់ស្លុតទៅទូទាំងទ្វីបអឺរ៉ុប ក្រោយមេដឹកនាំអាមេរិករូបនេះបានជំរុញកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនក្នុងពេល ៣ឆ្នាំមកនេះ ដោយមិនរាប់បញ្ចូលទាំងមេដឹកនាំអ៊ុយក្រែន និងអឺរ៉ុប ដែលជំរុញឱ្យមេដឹកនាំអឺរ៉ុបបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមរបស់ខ្លួនទៅលើបញ្ហានេះ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner