លោក Zelensky សុខចិត្តចោលតំណែងប្រធានាធិបតី ដើម្បីប្ដូរសន្តិភាព ឬសមាជិកភាពណាតូ

គៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសក្តែងៗថា លោកមានឆន្ទៈបោះបង់តំណែងប្រធានាធិបតីរបស់គាត់ ជាថ្នូរនឹងសន្តិភាព ឬ ក៏សមាជិកភាពអង្គការណាតូ នៅមុនខួប ៣ឆ្នាំនៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

នៅពេលត្រូវបានសួរថា តើលោកមានការត្រៀមខ្លួនចាកចេញពីតំណែងទេ ប្រសិនបើវានឹងនាំមកនូវការធានាសន្តិភាព? លោក ហ្សេលេនស្គី បានបញ្ជាក់ច្បាស់ៗថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ… ខ្ញុំនឹងចាកចេញពីមុខតំណែងរបស់ខ្ញុំ ប្រសិនបើដើម្បីសន្តិភាពអ៊ុយក្រែន…… ហើយខ្ញុំក៏អាចប្តូរយកសមាជិកភាពណាតូដែរ បើសិនមានលក្ខខណ្ឌបែបនោះ ហើយខ្ញុំនឹងចាកចេញភ្លាមៗ។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ខ្ញុំផ្តោតសំខាន់លើសន្តិសុខរបស់អ៊ុយក្រែននៅថ្ងៃនេះ មិនមែនក្នុងរយៈពេល ២០ឆ្នាំទេ ហើយខ្ញុំក៏មិនអាចកាន់អំណាចច្រើនទសវត្សរ៍បានដែរ។ យោងតាមច្បាប់របស់អ៊ុយក្រែន ការបោះឆ្នោតនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ស្ថិតក្រោមច្បាប់អាជ្ញាសឹកដែលបានដាក់ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោក ហ្សេលេនស្គី បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដោយផ្តួលលោក ផេត្រូ ប៉ូរ៉ូសិនកូ ក្នុងការបោះឆ្នោតជុំទី២ ដោយទទួលបានសំឡេង ៧៣.២៣% ហើយក៏ចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

អាណត្តិរបស់លោក ហ្សេលេនស្គី បានផុតកំណត់នៅខែឧសភា ឆ្នាំ២០២៤ ខណៈដែលក្រុមអ្នករិះគន់បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនរូបនេះថា កំពុងព្យាយាមអូសបន្លាយជម្លោះដើម្បីបន្តកាន់អំណាច។

បន្ថែមលើការរិះគន់នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានហៅលោក ហ្សេលេនស្គី ថា ជាជនផ្តាច់ដែលគ្មានការបោះឆ្នោតកាលពីដើមសប្តាហ៍មុន ហើយថែមទាំងចោទគាត់ថា បោកលុយអាមេរិក ៣៥០ពាន់លានដុល្លារ យកទៅជះក្នុងសង្គ្រាមជាមួយរុស្ស៊ី ទាំងដែលគ្មានសង្ឃឹមឈ្នះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian៕

ប្រភព ៖ BBC និង The Guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner