សម្ដេចតេជោ ហ៊ុន សែន ៖ ចិន គឺជាមិត្ត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុតសម្រាប់កម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុតសម្រាប់កម្ពុជា ។ កម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន រដ្ឋធានីប៉េកាំង ចូលចូលជួបសម្ដែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តម យីន លី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ ឯកឧត្តមនិងគណៈប្រតិភូ ចូលជួបសំដែងការគួរសមក្នុងឱកាសដែល ឯកឧត្តមបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា ។
ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបានបន្តថា សម្តេចគឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និងជាអ្នកនយោបាយជើងចាស់មួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ។
ឯកឧត្តម បានជម្រាបជូន សម្តេច ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺក្នុងគោលបំណង ៖ (១) អនុវត្តកុងសង់ស៊ីសនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ (២) ពង្រឹងការទុកចិត្តគ្នាទៅវិញទៅមក (៣) ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅថ្នាក់ក្រោមជាតិ និង(៤)ជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។
ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេច កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់ ។
ឯកឧត្តម ឯកឧត្តម យីន លី (Yin Li) បានអះអាងជាថ្មីថា ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ ចិន នៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច ។ ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម យីន លី (Yin Li) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថានឹងរួមចំណែកពង្រឹងពង្រីកថែម ទៀតនូវចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារ ខ្ពស់ ក្នុងយុគសម័យថ្មី ។
សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេច ទៅ ឯកឧត្តម ស៊ី ជីនពីង វិញផងដែរ ។
សម្ដេចតេជោ អរគុណមិត្តចិន ដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយ ឡែករបស់កម្ពុជា រួមទំាងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា ផងដែរ ។
សម្តេចមានជំនឿជាក់យ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹង ចូលរួមចំណែកដល់ការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានជូនពរ ឯកឧត្តម យីន លី (Yin Li) និងគណៈប្រតិភូ សូមប្រកប ជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ









