លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតីក្នុងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ នៅសាលសន្និសីទចតុមុខ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធាន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជា អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញ ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រព្រឹត្តនៅសាលសន្និសីទចតុមុខ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខា ធិ ការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ភរិយាថ្នាក់ដឹកនាំតាម បណ្ដាក្រសួង-ស្ថាប័ននានា និងប្រជាពលរដ្ឋខ្មែរ សាធារណ ជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប ។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានឱ្យដឹងថា កម្មវិធីនេះ​គឺត្រូវបាន បែងចែកជាបីវគ្គសំខាន់ៗ ដែលបានបង្ហាញនូវ​សម្លៀក​បំពាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គ​រហូត​មកដល់បច្ចុប្បន្ន។ ជាពិសេសគឺមានបទចម្រៀងដ៏ពិសេស​ចំនួន ២បទផងដែរ គឺបទចម្រៀង «គូព្រេងបងអើយ» និងបទចម្រៀង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី»។

ក្នុងនោះក៏មានព្រឹត្ដិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើនវគ្គទៀត ដែលបានបង្ហាញ​ពីសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយ​ចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញ​ម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់នេះ ដែលបានបង្ហាញដោយតារា ចម្រៀង តារាសម្ដែង និងតារា​​បង្ហាញម៉ូតល្បីៗប្រចាំកម្ពុជាផងដែរ ។ សំពត់បត់ គឺជាមរតក​វប្បធម៌អរូបី បានក្លាយមកពីសំពត់ស្ត្រីខ្មែរ ដែលចេះស្លៀក​តាំងពី មុនសម័យអង្គរ ជាច្រើនសម័យកាលតៗមក ការប្រើ​ប្រាស់សំពត់ មានការវិវត្តផ្លាស់ប្តូរទៅ តាមសម័យកាល​ដែល​ឆ្លងកាត់ ។

នាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានដឹងហើយថា ការចូលរួមថែរក្សាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើងនេះ គឺជាតួនាទីរបស់ពលរដ្ឋគ្រប់ៗគ្នាទាំងអស់ ។

លោកជំទាវបណ្ឌិត បានបន្តថា ពាក្យថាសិល្បៈ វប្បធម៌ គឺបញ្ជាក់បង្ហាញតាមរយៈភ្លេង ចម្រៀង របាំ សំលៀក​បំពាក់ប្រពៃណី ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ សំលៀក​បំពាក់ដែលយើងប្រើប្រាស់ក្នុងពិធីផ្សេងៗ ដូចជាពិធីរៀប​អាពាហ៍ពិពាហ៍ ពិធីផ្លូវការ និងពិធីសាសនាជាដើម ហើយ​សូម្បីតែក្រណាត់ដែលយើងយកមកកាត់ធ្វើជាសំលៀកបំពាក់ ការត្បាញសរសៃសូត្ររចនាបថ និងឌីហ្សាញ ក៏បញ្ជាក់ពីអត្ត​សញ្ញាណរបស់ជាតិសាសន៍នីមួយៗដូចគ្នាដែរ។ ជាការពិត​ណាស់សំលៀកបំពាក់ គឺជាផ្នែកមួយនៃវប្បធម៌ ដែលបញ្ជាក់ពី​ឬសគល់ នៃអរិយធម៌ដ៏ចំណាស់ និងអត្តសញ្ញាណរបស់ជាតិ​សាសន៍នីមួយៗ។ ហេតុដូចនេះការថែរក្សាអភិវឌ្ឍ និងលើក​តម្កើង​​កេរ្តិ៍ដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗគ្នា។ ដោយត្រូវយល់ច្បាស់អំពីប្រវតិ្តតម្លៃកេរ្តិ៍​ដំ​ណែល​អត្ថន័យ សំលៀកបំពាក់របៀបរបប នៃការ​ប្រើ​ប្រាស់​ទៅតាមពិធី និងពេលវេលាព្រមទាំងការ​ចូលរួម​ផ្សាយ​កម្រិត​ជាតិ និងអន្តរជាតិផងដែរ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើក​ឡើង​ទៀតថា កម្មវិធីរាត្រីសមោសសំពត់បត់ខ្មែរលើកទី២ គឺជាព្រឹតិ្តការណ៍វប្បធម៌ដ៏មានសារសំខាន់សំដៅបង្ហាញ និងផ្សព្វផ្សាយអំពីផ្នែកមួយ នៃជំនឿ សិល្បៈ ប្រពៃណី និង​ទំនៀមទម្លាប់បន្សល់ទុកជាកេរ្តិ៍មរតកដ៏ថ្លៃថ្លា ដែលដូនតាខ្មែរ​យើង​បានបន្សល់ទុកឲ្យ ហើយការបង្កើតកម្មវិធីនេះ ក៏ជាការ​រំលឹកខួបលើកទី៤៦ឆ្នាំ នៃការជួបគ្នាឡើងវិញរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវិលត្រឡប់​មកជួបគ្នាវិញ ក្រោយថ្ងៃរំដោះ៧មករា ។

លោកជំទាវបណ្ឌិត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ គ្រប់​ទម្រង់ និងសូមគោរពអរគុណចំពោះវត្តមាន និងសមានចិត្ត​របស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នារាត្រីនេះ ដែលបង្ហាញឲ្យឃើញពីសេចកី្តស្រលាញ់ គាំទ្រ និងការចូលរួមថែរក្សា សិល្បៈ វប្បធម៌ដ៏ផូរផង់របស់ជាតិយើង និងសូមអរគុណដល់សិល្បករ សិល្បការិនីទាំងអស់ ដែលបា​ចូលរួមសម្តែង និងសុទ្ធតែជាតួអង្គសំខាន់បំផុត សម្រាប់កិច្ច​ការ​អភិរក្ស ថែរក្សា និងផ្សព្វផ្សាយតាមរយៈជំនាញអាជីព និងការសម្តែង ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ទៀតថា ភស្តុតាងបុរាណវិទ្យា បានបង្ហាញឲ្យយើងឃើញច្បាស់អំពី​របៀប​របបរស់នៅសម្ភារៈប្រើប្រាស់ និងសំលៀកបំពាក់បិទ​បាំង​រាង្គកាយ​របស់ជនជាតិខ្មែរយើង តាំងពីសម័យបុរេប្រវតិ្ត ព្រមទាំងមានតឹកតាងបន្ថែមតាមរយៈចម្លាក់តាមប្រាសាទនានា សិលាចារិក ជាពិសេសតាមជញ្ជាំងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ និងប្រាសាទអង្គរវត្តជាដើម ដែលជា​កំណត់ត្រាដ៏ច្បាស់លាស់ នៃប្រភេទទម្រង់រចនាបថ ក្បាច់ប្រភេទអ្នកប្រើប្រាស់ និងពិធីនានា។

ជារួមសំលៀកបំពាក់ខ្មែរយើង មានប្រវតិ្តច្បាស់លាស់ និ​ង​វិវត្តន៍​​ទៅតាមសម័យកាលដែលមកដល់បច្ចុប្បន្នយើង​អាច​សម្គាល់ទម្រង់សំលៀកបំពាក់តាមសម័យ ដូចជា សម័យនគរ​ភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ សម័យលង្វែក សម័យឧដុង្គ សម័យអាណានិគមនិយម សម័យសង្គមរាស្រ្ត​និយម និងសម័យបច្ចុប្បន្ន ហើយយើងក៏អាចឃើញ និង​សម្គាល់​បាននូវការឆ្លងឥទិ្ធពលទៅវិញទៅមកផ្នែកសំលៀក​បំពាក់នេះផងដែរ ។

លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់គណៈកម្មការរៀបចំពិធីដែលចាប់យកទម្រង់មួយចំនួននៃសំលៀកបំពាក់ខ្មែរ ដោយរាប់បញ្ចូលទាំងសំលៀកបំពាក់ក្នុងពិធីមង្គលការផងដែរ ដោយគិតពីសម័យឧដុង្គ មកបង្ហាញ ហើយកម្មវិធីនារាត្រីនេះ មានចេតនាបង្ហាញពីភាពសម្បូរបែបនៃសំលៀកបំពាក់ប្រពៃណីទាំងសម្រាប់ជីវភាពរស់នៅ សម្រាប់ពិធីបុណ្យប្រពៃណី និងពិធីមង្គលការជាដើម រួមជាមួយនឹងការរំលេចអំពីភាពត្រឹមត្រូវទាំងប្រភេទផលិតផលរបៀបប្រើប្រាស់ការកំណត់ពិធី និងពេលវេលាប្រើប្រាស់ដែលគោរពទៅតាមក្បួនខ្នាតពិតប្រាកដដែលបន្សល់ទុកពីដូនតាយើង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner