ម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការ របស់ប្រទេសខ្លួន ដែលមានការខ្វះខាត
(ភ្នំពេញ)៖ ភាគី ម៉ាឡេស៊ី មានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន ដែលមានការខ្វះខាត។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ ។ នេះបើយោងតាមកិច្ចពិភាក្សា រវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មនៃប្រទេសម៉ាឡេស៊ី Seri Haji Mohamad bin Sabu កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងកសិកកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជា មានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេស៊ី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូចជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេស៊ី។
ឯកឧត្តមរដ្ឋមន្ដ្រី បានសាទរដល់ប្រទេសម៉ាឡេស៊ី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរ បានឯកភាពលើកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហើយប្រទេសម៉ាឡេសើទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ទាំងអង្ករ និងត្រី ៕
ប្រភព ៖ ក្រសួងកសិកម្ម





