ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករ ទូរគមនាគមន៍ កម្ពុជា និងអង្គការ (GIZ) សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកចូលរួមឱ្យយល់ដឹងអំពីគោលការណ៍ និងការអនុវត្តនៃការវាយតម្លៃលើផល ប៉ះពាល់ នៃលិខិតបទដ្ឋានគិតយុត្ត ដើម្បីបង្កើន ល្បឿននៃការរៀបចំតាក់តែងលិខិត បទដ្ឋានគតិយុត្ត និងជួយកាត់បន្ថយជាអតិបរមា នូវផលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច ជួយកាត់បន្ថយបន្ទុកចំណាយលើការអនុវត្ត បន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច និងវិសាលភាពជាន់គ្នាជាដើម។
វិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត (Regulatory Impact Assessment – RIA) ត្រូវបានទទួលស្គាល់ និងអនុវត្តជាយូរណាស់មកហើយ ដោយប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ដោយ ៖ ង៉ាន់ ទិត្យ





