សាលា ចំនួន ១៤៤ ត្រូវបានប្រកាសជាប់ជាសាលារៀនស្តង់ដាគំរូ
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ ដែលក្នុងចំណោមនេះរួមមាន សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ ៥ វិទ្យាល័យ ៦០ និងសាលាគរុកោសល្យ ៥។
ជាមួយនឹងការប្រកាសនេះដែររដ្ឋមន្រ្តីក្រសួងអប់រំបានលើកចិត្តឱ្យ សាលារៀនទាំង ១៤៤ និង សាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឱ្យសាលារៀនគំរូទាំងអស់ និងក៏ដូចជា សាលារៀនដទៃទៀត បន្តកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្ដង់ដាសាលារៀនគំរូបន្ថែមទៀត។សិស្សសាលារៀនគំរូ នាកន្លងមកដែលសម្រេចតាមចំណុចគោដៅ និងភាគរយសិស្សថ្នាក់ទី១២ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A, B, C មាន ២៥,៧ ភាគរយ។
ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានជំរុញដល់ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការខិតខំប្រឹងប្រែងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ថាដើម្បីអភិវឌ្ឍ សាលារៀនគំរូ ក្រសួងអប់រំបានកំណត់ជា ៥ស្តង់ដា រួមមានដូចជា៖ ១)លទ្ធផលសិក្សារបស់សិស្ស ២)ការបង្រៀននិងរៀន ៣)ការចូលរួមរបស់សហគមន៍ ៤)ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង ៥)គណនេយ្យភាពរបស់សាលារៀន។
ជាមួយគ្នានេះសួងអប់រំ បានដាក់បញ្ចូលវិធានការមួយចំនួនទៀតសំដៅធ្វើយ៉ាងណា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា៕
ដោយ ៖ ម៉ាដេប៉ូ








