លោក ស៊ី ប្រាប់លោក ពូទីន ថា ចិន-រុស្ស៊ី គឺជា “មិត្តពិត”
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទ បានសាទរកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់ទីក្រុងមូស្គូ ក្នុងការដោះស្រាយសង្គ្រាមអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ លោក ស៊ី បាននិយាយថា ចិនរីករាយដែលឃើញរុស្ស៊ី និងភាគីពាក់ព័ន្ធ ខិតខំប្រឹងប្រែងជាវិជ្ជមានដើម្បីដោះស្រាយសង្គ្រាមអ៊ុយក្រែន។
និយាយអំពីទំនាក់ទំនងរវាងចិន និងរុស្ស៊ី លោក ស៊ី ថ្លែងថា ប្រវត្តិសាស្ត្រ និងការពិតបង្ហាញថាប្រទេសទាំងពីរជាអ្នកជិតខាងដ៏ល្អដែលមិនអាចផ្លាស់ប្តូរបាន ហើយក៏ជាមិត្តពិតដែលចែករំលែកភាពសុខដុមរមនា ការគាំទ្រគ្នាទៅវិញទៅមក និងសម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា។
ជាមួយគ្នានេះ លោក ស៊ី បានហៅមេដឹកនាំរុស្ស៊ីថា “មិត្តល្អបំផុត” ហើយលោក ពូទីន សរសើរចិនថា ជា “ដៃគូដែលអាចទុកចិត្តបាន”។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន បានពន្យល់លោក ស៊ី អំពីកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ី និងអាមេរិក ដែលបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន ដែលជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរបស់ពួកគេ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលលុកលុយអ៊ុយក្រែនកាលពី ៣ឆ្នាំមុន។
ផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល ភាគីចិនក៏បានសម្តែងការគាំទ្រសម្រាប់ការចាប់ផ្តើមកិច្ចសន្ទនារវាងរុស្ស៊ី និងអាមេរិក ក៏ដូចជាការត្រៀមខ្លួនជួយដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងសង្គ្រាមអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា