សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិត ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប
(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ខេត្តសៀម រាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍សង្ខេបស្ដីពីការបណ្ដុះបណ្ដាលរបស់ លោកបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ Southwest Asia បានឲ្យដឹងថា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ Southwest Asia បានរៀបចំចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រកបដោយគុណភាពមាន ឥរិយាបថល្អ ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
លោកបានបន្ដថា សាកលវិទ្យាល័យ Southwest Asia មានក្រុមប្រឹក្សាភិបាល បុគ្គលិក គ្រូបង្រៀន សរុបចំនួន ៣៥៩នាក់ (នារី៨៤នាក់) និងនិស្សិតកំពុងសិក្សាសរុបចំនួន ៥,៣២៧នាក់ (នារី ៣,២៩៨នាក់)។ ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀន ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពរបស់សាកលវិទ្យាល័យ Southwest Asia នាំឲ្យសាកលវិទ្យាល័យមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាបមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នជាតិ អន្តរជាតិ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយដោយបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន១,៥១៨អង្គ នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ។
សម្ដេចបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល ចាត់ទុកធនធានមនុស្សប្រកបដោយបំណិន នាសតវត្សរ៍ទី២១ ជាពិសេស ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ គឺជាកត្តាជំរុញឧត្ដមភាព ប្រកួតប្រជែងរបស់ប្រទេសជាតិ ។ សមត្ថភាពជំនាញទាំងនេះ ជួយឱ្យប្រជាជនបង្កើតចំណេះដឹងថ្មីៗ និង ប្រែក្លាយចំណេះដឹងទាំងនេះទៅជាការអនុវត្តប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់ការធ្វើអន្តរកម្មសេដ្ឋកិច្ច របស់ប្រទេសពីការធ្វើពាណិជ្ជកម្មជាលក្ខណៈដោះដូរទំនិញ ទៅជាការធ្វើពាណិជ្ជកម្មផលិតផល និង សេវាកម្ម ដែលប្រើប្រាស់ចំណេះដឹង និង បច្ចេកវិទ្យាកម្រិតខ្ពស់ ។
សម្ដេចបវរធិបតី បានបន្តថា រាជរដ្ឋាភិបាល នៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យក «មនុស្ស» ជាអាទិភាពទី១ ហើយ «ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា» ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ