ខេត្តតាកែវតុបតែងខ្លួន ខណៈធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី៩
តាកែវ៖ភ្លើងបំភ្លឺផ្លូវសាធារណ:ក្នុងក្រុងដូនកែវ ដែលខូចមួយចំនួន ខណៈនេះអាជ្ញាធខេត្តតាកែវកំពុងធ្វើការជួសជុលវិញដើម្បីស្វាគមន៍ពិធីបុណ្យទន្លេដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះរយៈពេល៣ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានណែនាំដល់ផ្នែកពាក់ព័ន្ធឱ្យសហការជាមួយអគ្គិសនីតាកែវ រៀបចំជួសជុល និងផ្លាស់ប្ដូរអំពូលភ្លើងនៅតាមបង្គោលភ្លើងលើដងផ្លូវសាធារណៈទាំងអស់ក្នុងក្រុងដូនកែវឱ្យបានរួចរាល់មុនពិធីរៀបចំបុណ្យទន្លេលើកទី៩។
លោកបន្តថា បច្ចុប្បន្នអាជ្ញាធរក្រុងដូនកែវ និងអគ្គិសនីតាកែវ កំពុងធ្វើការជួសជុលជាបន្តបន្ទាប់នូវអំពូលភ្លើងនៅតាមដងផ្លូវសំខាន់ៗនានា ក្នុងក្រុងដូនកែវ ជិតរួចរាល់អស់ហើយ ពោលគឺនៅសល់ចំនួន ៩៥បង្គោលទៀតតាមបណ្ដោយផ្លូវលេខ២១ ចាប់ពីភូមិថ្នល់បែក រហូតមកដល់មន្ទីរសាធារណការដែលមិនទាន់បានជួសជុល។
សូមជម្រាបថា កន្លងមករដ្ឋបាលខេត្តតាកែវ បានបំពាក់បន្ថែមអំពូលភ្លើងចម្រុះពណ៌ នៅតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងដូនកែវ ក៏ដូចជាកែសម្រួលទីតាំងមួយចំនួន តម្រូវតាមភាពចាំបាច់ដែលញាំងឱ្យដំណើរការនៃការរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នេះ ឱ្យទទួលបានជោគជ័យ និងមានភាពស្រស់បំព្រង ក្រោមម្លប់សុខសន្តិភាព និងមានក្ដីរំពឹងថា ការរៀបចំបុណ្យទន្លេនៅពេលខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តនៅខេត្តតាកែវកាន់តែច្រើន៕
ដោយ៖តាកែវ