គណៈកម្មការអន្តរក្រសួងចុះពិនិត្យទីតាំងសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ក្នុងភូមិសាស្ត្រខេត្តកំពត
កំពត៖គណៈកម្មការអន្តរក្រសួងបានចុះពិនិត្យទីតាំងសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួមជាមួយមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមនិងពិភាក្សាលើការងារមួយចំនួន ដើម្បីបម្រើឱ្យការជីកព្រែកហ្វូណនតេជោប្រព្រឹត្តទៅដោយជោគជ័យ។
នៅក្នុងដំណើរចុះពិនិត្យ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ក្រុមការងារគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនជីកព្រែកជីកហ្វូណនតេជោ ពិនិត្យឱ្យបានល្អិតល្អន់ចំពោះតម្រាយផ្លូវនៃព្រែកជីក និងសិក្សាពីផលប៉ះពាល់ផ្សេងៗឱ្យបានច្បាស់លាស់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីឱ្យការជីកព្រែកដំណើរការដោយរលូន។ចំណែកអាជ្ញាធរខេត្ត ស្រុក រួមនឹងមន្ទីរជំនាញពាក់ព័ន្ធរង់ចាំសម្របសម្រួលការងារជានិច្ច។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។សម្រាប់ខេត្តកំពតមានស្រុកចំនួន ៣ត្រូវឆ្លងកាត់ គឺស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច៕





ដោយ៖ សិលា សារិន