ទោះបីអ្នកចូលរួមរត់មិនសូវផុសផុលយ៉ាងណាក្តី តែខេត្ត​ព្រះសីហនុ ​ត្រូវបានចាត់ទុកជាខេត្តគោលដៅ​សក្កានុពល នៃការរៀបចំរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនាពេលអនាគត

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុលើកទី១០ បានប្រកាសរៀបចំជាផ្លូវការ នឹងរៀបចំ នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ខណៈការរំពឹងទុកអ្នកចូលរួមរត់នឹងមានចំនួនកើនឡើង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍​រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ខេត្តព្រះសីហនុនេះ ការរៀបចំនៅក្នុងឆ្នាំ២០២៥ គឺជាលើកទី១០ហើយ ខណៈការរៀបមិនសូវមានចំនួនអ្នកចូលរួមរត់ច្រើន និងទទួលបានជោគជ័យដូចនៅរាជធានីភ្នំពេញ និង​សៀមរាបនោះទេ។ តែទោះបីជាបែបនេះក្តី ការរៀបចំគឺ​នៅតែបន្ត ព្រោះគោលដៅចង់ផ្សព្វផ្សាយអំសក្កានុពល​ខេត្តព្រះសីហនុ។

ឯកឧត្តម អគ្គលេខាធិការ បានអះអាងថា ខេត្តព្រះសីហនុ គឺជាខេត្តសក្កានុពល និងអំណោយផលខ្លាំងក្នុងការរៀបចំ​ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ បើធៀប និង​ប្រទេសជិតខាងដែលគេរៀបបានជោគជ័យច្រើន ដូចជា​ប្រទេសវៀតណាម និងប្រទេសថៃ គឺខេត្តព្រះសីហនុ​អំណោយផលនិង មានទេសភាពស្រស់ស្អាត នៃតំបន់ឆ្នេរ​អាចល្អជាងប្រទេសគេផងដែរ។

ឯកឧត្តម បានពន្យល់បន្ថែមទៀតថា ការរៀបចំនៅខេត្ត​ព្រះសី​ហនុ គឺជាឱកាសផ្តល់នូវការងារធ្វើ និងផ្តល់នូវការជំរុញ​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ ធារៈកិច្ច និងអ្នករកស៊ីទទួលទៀន​អាជីវកម្មតូចតាចផងដែរ។

ចាប់ពីឆ្នាំនេះទៅខេត្តព្រះសីហនុ នឹងក្លាយជាខេត្ត​មាន​សណ្តាប់​ធ្នាប់ សន្តិសុខល្អ និងមានហេដ្ឋានរចនាសម្ព័ន្ធថ្មី ដែលជាការទាក់ជួយឱ្យអ្នកចូលរួមរត់មានកាន់តែច្រើន។ វេទិកាកីឡារត់នៅខេត្តព្រះសីហនុ បានផ្តល់ជូននៅ​អត្ថប្រ​យោជន៍​ជាខ្លាំងលើការអប់រំ ផ្សព្វផ្សាយអំពីសក្កានុពល​របស់ខេត្ត។

ឯកឧត្តមថា គិតមកត្រឹមថ្ងៃប្រកាសនេះ មានភ្ញៀវជាតិនិង​អន្តរជាតិ​ចុះឈ្មោះបានជាង១០០០នាក់ហើយ ខណៈការ​រំពឹងទុកអាចនិងមានអ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះអាចឈានដល់ជាង២០០០នាក់។

លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុង រំពឹងថា ភាព​ស្រស់​ស្អាតនៃឆ្នេរសមុទ្រកម្ពុជានឹងអាចជួយ​ស្រូបទាញ​បានអ្នកចូលរួមបានច្រើន។ ប្រសិនបើមានការរៀបចំល្អ និងទទួលបានជោគជ័យ ទិវានេះអាចនឹងត្រូវបាន​ពង្រីក​ទៅជាព្រឹត្តិការណ៍ Full Marathon តែម្ដង។

ចំណែកតំណាងក្រុមហ៊ុន E-Gets លើកឡើងថា មិនត្រឹម​តែជំរុញ​ដល់វិស័យកីឡាហាត់ប្រាណដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ ទិវារត់ប្រណាំ​ងអន្តរជាតិពាក់​កណ្ដាលម៉ារ៉ាតុង​ខេត្ត​ព្រះសី​ហនុក៏លើកស្ទួយទេសចរណ៍ផងដែរ ។ ជាក់ស្ដែង​កន្លងមក​មានការសរសើរពីទេសចរបរទេសចំពោះភាពស្រស់ស្អាតនៃឆ្នេរសមុទ្រកម្ពុជា។ លោកថា ក្រុមហ៊ុនរបស់លោកនឹងនៅ​តែបន្តគាំទ្រការរៀបចំនៅឆ្នាំក្រោយៗទៀត។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់​កណ្ដាល​ម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងជាលើកទី ១០​នេះ​​​នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា។ សម្រាប់​វិញ្ញាសាមាន២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ ក្នុងចំណោមអ្នកបានចុះឈ្មោះចូលរួមទាំងអស់ មានជាង២០០នាក់ជាជនជាតិបរទេស ៕

ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner