ខួប ៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន លោក ហ្សេលេនស្គី ថ្លែងកោតសរសើរពីវីរភាពដ៏អង់អាចរបស់ប្រជាជន
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ បានប្រើពាក្យពេចន៍ចាក់ដោតបេះដូងជនរួមជាតិថា រូបលោកមានមោទនភាពក្រៃលែង សម្រាប់វីរភាពដ៏អង់អាចក្លាហានរបស់ប្រជាជន ដែលបានលះបង់ជីវិតប្រយុទ្ធតតាំង និងតស៊ូរស់នៅក្នុងសង្រ្គាម ដែលរុស្ស៉ីបានចាប់ផ្តើមកាលពី ៣ឆ្នាំមុន។
លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា រយៈពេល៣ឆ្នាំ នៃការប្រឹងប្រែងតស៊ូ។ ៣ឆ្នាំនៃការដឹងគុណ។ ៣ឆ្នាំនៃវីរភាពដ៏អង់អាចក្លាហានរបស់ជនរួមជាតិអ៊ុយក្រែន។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ … អរគុណគ្រប់គ្នា ដែលការពារ និងជួយអ៊ុយក្រែន។
ដូចឆ្នាំមុនៗដែរ ក្រុមមេដឹកនាំអឺរ៉ុបក៏បានធ្វើដំណើរតាមរថភ្លើងមកចូលរួមជាមួយអ៊ុយក្រែន។ នាឱកាសនោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូសុលឡា វ៉ុនឌឺឡេយេន និយាយថា អ៊ុយក្រែនកំពុងប្រយុទ្ធតតាំងដើម្បីការរស់រានមានជីវិត និងថា ជោគវាសនារបស់អឺរ៉ុប គឺជាប់ពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយក្រែន។
ថ្ងៃចន្ទនេះ គឺជាខួប ៣ឆ្នាំគត់ នៃសង្រ្គាមអ៊ុយក្រែន ដែលផ្ទុះឡើងនៅពេលកងទ័ពរុស្ស៉ីបានវាយលុកចូលអ៊ុយក្រែន ក្រោមបញ្ជារបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះជាជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ទាហានរាប់ម៉ឺននាក់មកពីភាគីទាំងសងខាង និងជនស៊ីវិលអ៊ុយក្រែនត្រូវបានសម្លាប់ ទីក្រុងនានានៅទូទាំងភាគខាងត្បូង និងខាងកើតរបស់អ៊ុយយក្រែនត្រូវបានបំផ្លាញ ហើយមនុស្សរាប់លាននាក់បង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា