អេស្ប៉ាញបញ្ចេញជំនួយយោធាថ្មីជាង ១ពាន់លានដុល្លារដល់អ៊ុយក្រែន
កៀវ ៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez ប្រកាសថា ប្រទេសរបស់លោកនឹងបញ្ចេញកញ្ចប់ជំនួយយោធាថ្មីប្រមាណជាង ១,០៥ពាន់លានដុល្លារដល់អ៊ុយក្រែន។
លោក Sanchez បាននិយាយប្រាប់ក្រុមមេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំអន្តរជាតិក្នុងទីក្រុងកៀវ ចំពេលខួប ៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែនថា យើងនឹងបន្តគាំទ្រអ៊ុយក្រែន ដរាបណាវានៅចាំបាច់ ដោយលោកបានសង្កត់ធ្ងន់ពីតម្រូវការទាំងសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និងសហភាពអឺរ៉ុប ដើម្បីរួមចំណែកក្នុងកិច្ចប្រជុំសន្តិភាពណាមួយជាមួយរុស្ស៊ី។
ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីអេស្ប៉ាញ កញ្ចប់ជំនួយថ្មីនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារ និងសន្តិសុខទ្វេភាគីរយៈពេល ១០ឆ្នាំ ដែលអេស្ប៉ាញ និងអ៊ុយក្រែនបានចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ ២០២៤។
កាលពីឆ្នាំមុន អេស្ប៉ាញបានផ្តល់ជំនួយជាង ១ពាន់លានដុល្លាររួចហើយ សម្រាប់ការការពាររបស់អ៊ុយក្រែន។ យ៉ាណាមិញ ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប មានការព្រួយបារម្ភថា កិច្ចព្រមព្រៀងឆាប់រហ័សរបស់លោក Putin និងលោក Trump នឹងគ្មានវត្តមានពួកគេ ហើយនឹងធ្វើឲ្យអន្តរាយដល់សន្តិសុខរបស់ពួកគេទៀតផង៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា