អភិបាលខេត្តស្វាយរៀងប្រាប់ពលរដ្ឋដែលស្វែងរកការងារធ្វើ ត្រូវមកចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន
ស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានណែនាំដល់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ត ព្រមទាំងរដ្ឋបាលក្រុង-ស្រុកនិងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើឱ្យមកចុះឈ្មោះចូលបម្រើការងារនៅតាមតំបន់រោងចក្រនានាក្នុងខេត្តដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។
ឯកឧត្តមអភិបាលខេត្តស្វាយរៀងបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសដដែលឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់លើការការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើង។ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់។ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថានទាំងនៅកន្លែងធ្វើការ ក៏ដូចជានៅតាមទីប្រជុំជននានា ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតិលេខ១ ។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តប្រគល់ថវិកាជ័យលាភីក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់អភិបាលក្រុង ស្រុកទាំង៨ផងដែរ៕
ដោយ៖នុត នាង



