ក្នុងខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួន ៥៥ និងមានមន្រ្តីជិត ៥០០រូបប្រកាសទ្រព្យសម្បត្តិ និងបំណុល
(ភ្នំពេញ)៖គិតនៅខែកុម្ភៈ ឆ្នាំ២០២៥នេះអង្គភាពប្រឆាំងអំពើពុករលួយ(អបព ឬACU)ទទួលបានពាក្យប្តឹងសរុបចំនួន ៥៥ ពីបណ្តារាជធានី ខេត្ត និងមានមន្រ្តី ៤៧៦ រូបបានប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ឯកឧត្តម សយ ច័ន្ទវិចិត្ត ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ថា៖ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលនាខែកុម្ភៈ ឆ្នាំ២០២៥នេះ មានមន្ត្រីចំនួន ៤៧៦រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ២៦១ រូប ដោយឡែកមន្ត្រី ២១៥ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយ មូលហេតុលាឈប់ និងចប់អាណត្តិ។

ឯកឧត្តមបានឱ្យដឹងបន្ថែមថា សម្រាប់ការងារពាក្យប្ដឹងនៅខែកុម្ភៈនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមាន សរុបចំនួន ៥៥ ពាក្យប្ដឹង។

ដោយឡែកទាក់ទិនក្នុងការងារអប់រំត្រូវបានមន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងផងថា អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការអប់រំ ផ្សព្វផ្សាយដល់សាលាចំនួន ១៦ នៃក្រុងបានលុង, ស្រុកបរកែវ និងស្រុកអូរជុំដល់លោកគ្រូអ្នកគ្រូ ចំនួន១៩៧ រូប កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម សយ ច័ន្ទវិចិត្ត បានឱ្យដឹងបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយតាមរយៈយន្តការអនុសញ្ញា អសប ប្រឆាំងអំពើពុករលួយ UNCAC (អ៊ុន កាក់) ជុំទី២ក៏បានរួម កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ក្នុងនេះ អ្នកជំនាញការ អសប បានពិនិត្យ និងផ្តល់អនុសាសន៍ដល់កម្ពុជា ពាក់ព័ន្ធនឹងជំពូកទី២, មាន ១៨ អនុសាសន៍ (អបព ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងមហាផ្ទៃ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ធនាគារជាតិកម្ពុជា អង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា) ជំពូកទី៥ មាន១០អនុសាសន៍ ដែលមានស្ថាប័ន ចំនួន ១១ ទទួលពិនិត្យ និងកែលំអ ៕
អត្ថបទ ៖ម៉ាដេប៉ូ
រូបភាព ៖ ហេង សម្បត្តិ
