ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និង ជំរុញការអនុវត្តគម្រោង សម្រាប់ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំលើកទី ១៤ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគ និង ធុរកិច្ច សម្រាប់ឆ្នាំ ២០២៥ ។

ជាមួយនេះ, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី ៤ គម្រោង និង ការពង្រីកគម្រោង ចំនួន ៤, ដោយមានទុនវិនិយោគសរុប ៧៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ២៦៦ កន្លែង ។ 

ជារួម, គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៦៦៩ លានដុល្លារអាមេរិក ។ ផ្អែកតាមនេះ, ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់ ២ រួមមាន៖ ទី១. បន្តតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តគម្រោងទាំង ២៦៩ គម្រោង និង ទី២. ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, និង ដោះស្រាយបញ្ហាប្រឈម និង សំណូមពររបស់ម្ចាស់គម្រោង ។
ជាក់ស្តែង, ក្រុមការងារបានសម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស, ការផ្តល់អាជ្ញាបណ្ណទេសចរណ៍, ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ, ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង, ការតបណ្តាញលូកាត់ផ្លូវ ពីទីតាំងគម្រោង ឆ្ពោះទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់, ការរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីជំរុញការវិនិយោគ, និង ការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះគម្រោងពាក់ព័ន្ធអគារជាប់គាំង ។

តាមរយៈនេះ, ក្រុមការងារនឹងបន្តធ្វើការសម្របសម្រួលផ្សេងៗទៀត តាមការជាក់ស្តែង ពិសេសការផ្តល់សេវាថែទាំវិនិយោគ បន្ទាប់ពីក្រុមហ៊ុនបានទទួលគោលការណ៍លើកទឹកចិត្តពីក្រុមការងារ ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យគ្រប់ចំនួនទុនវិនិយោគប៉ាន់ស្មានដំបូង ឬ ដល់អតិបរិមា ។ បន្ថែមពីលើនេះ, ក្រុមការងារនឹងយកចិត្តទុកដាក់ខ្ពស់លើការទាក់ទាញ និង ជំរុញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និង សួនឧស្សាហកម្ម ។

ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» សម្រាប់ឆ្នាំ ២០២៥ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner