គ្រោះថ្នាក់បាក់ស្ពានកូរ៉េខាងត្បូង ផ្តាច់ជីវិតកម្មករ ៤នាក់ និង ៦នាក់រងរបួស

សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា ស្ពានមួយបានបាក់រលំនៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយកន្លែងក្នុងទីក្រុង Anseong នៅព្រឹកថ្ងៃអង្គារនេះ បណ្តាលឱ្យកម្មករ ៤នាក់ស្លាប់បាត់បង់ជីវិត និង ៦នាក់ផ្សេងទៀតរងរបួស។

គ្រោះថ្នាក់បាក់ស្ពានសង្កត់កម្មករនេះ បានកើតឡើងនៅម៉ោង ៩និង៥០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Anseong ដែលមានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីទីក្រុង Seoul នៅឯការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងសេជុង ដែលកំពុងសាងសង់។

ផ្អែកតាមប្រភពរបស់មន្រ្តីពន្លត់អគ្គិភ័យ បានឱ្យដឹងថា កម្មករ ៦នាក់ដែលរងរបួស ក្នុងនោះមាន ៤នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាល ហើយមូលហេតុពិតដែលបង្កឲ្យមានគ្រោះថ្នាក់នេះ នៅពុំទាន់ដឹងច្បាស់ទេ។

ភ្លាមៗ ក្រុមហ៊ុនសាងសង់ស្ពាននេះ គឺ Hyundai Engineering បានចេញមុខសុំទោស ចំពោះការបាត់បង់អាយុជីវិតកម្មករ ហើយប្រកាសថា ខ្លួននឹងទទួលខុសត្រូវឧបទ្ទវហេតុនេះ។

ទន្ទឹមនេះ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok ក៏បានចេញបញ្ជាជាបន្ទាន់ឱ្យដាក់ពង្រាយគ្រឿងបរិក្ខា និងបុគ្គលិកដែលមានទាំងអស់ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។

គួរកត់សម្គាល់ គ្រោះថ្នាក់បណ្តាលឲ្យកម្មករសំណង់បាត់បង់ជីវិតនៅប្រទេសកូរ៉េខាងត្បូង គឺឧស្សាហ៍កើតឡើងណាស់។ តួយ៉ាង ផ្អែកតាមរបាយកាណ៍របស់ក្រសួងពលកម្មកូរ៉េខាងត្បូង បានឱ្យដឹងថា នៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ មានមនុស្សយ៉ាងតិច ៨,០០០នាក់បានស្លាប់បាត់បង់ជីវិត នៅពេលកំពុងបំពេញការងាររបស់ខ្លួន៕

ប្រភព ៖ យ៉ុនហាប់ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner