Apple នឹងជះ៥០០ពាន់លានវិនិយោគនៅអាមេរិក ដើម្បីផ្គាប់ចិត្ត Trump

បរទេស៖ ដើម្បីផ្គាប់ចិត្តលោក Donald Trump ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានប្រកាស កាលពីថ្ងៃចន្ទថា ខ្លួននឹងជះលុយ ៥០០ពាន់លានដុល្លារអាមេរិក វិនិយោគ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៤ឆ្នាំបន្ទាប់ ដែលរួមមានទាំងការសង់រោងចក្រដ៏ធំ នៅរដ្ឋតិចសាស់ សម្រាប់ផ្ទុក Server បញ្ញាសិប្បនិម្មិត ព្រមទាំង បង្កើតការងារ ២ម៉ឺនកន្លែង ទូទាំងសហរដ្ឋអាមេរិក លើជំនាញអភិវឌ្ឍន៍ និងស្រាវជ្រាវ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យធឺ។

សេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនផលិតទូរស័ព្ទ Iphone នេះ ត្រូវបានប្រកាសចេញ បន្ទាប់ពីមានជំនួប រវាង លោក Donald Trump និង មេធំ Apple គឺ លោក Tim Cook កាលពីពេលថ្មីៗនេះ។ ការប្រកាសនេះ ក៏កើតមានស្របពេលដែល ផលិតផលជាច្រើនរបស់ Apple ដែលប្រមូលផ្តុំ នៅក្នុងប្រទេសចិន អាចប្រឈមនឹងការតំឡើងពន្ធ ១០% ក្រោមរដ្ឋបាល Trump នៅដើមខែនេះ។

ជុំវិញរឿងនេះ លោក Gil Luria អ្នកវិភាគនៅក្រុមវិនិយោគធនាគារអាមេរិក D.A. Davidson បាននិយាយថា ការសន្យាវិនិយោគនេះ បង្ហាញពីកាយវិការបែបនយោបាយមានការផ្គាប់ចិត្ត រដ្ឋបាលលោក Trump ។ ក្រុមហ៊ុននេះ ប៉ាន់ស្មានថា Apple បានប្តេជ្ញាចិត្តរួចហើយថា នឹងចំណាយច្រើនជាង ១៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ នៅសហរដ្ឋអាមេរិក រួមទាំងថ្លៃដើម នៃការលក់ និងការចំណាយដើមទុន ផងដែរ។

លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះ នៅលើបណ្តាញសង្គម Truth Social ថា ការសន្យានេះ ឆ្លុះបញ្ចាំងពីជំនឿរបស់ក្រុមហ៊ុន ចំពោះការគ្រប់គ្រង របស់លោក។

ជាការកត់សម្គាល់ កាលពីខែមុន ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនបានចាប់ផ្តើមផលិតបន្ទះសៀគ្វី ជាច្រើន ផ្តោតលើការរចនាផ្ទាល់ខ្លួន នៅរោងចក្រ រដ្ឋ Arizona។ ក្រុមហ៊ុន Apple បាននិយាយ កាលពីថ្ងៃចន្ទដែរថា ខ្លួននឹងធ្វើការ ជាមួយក្រុមហ៊ុន Foxconn សាងសង់អគារធំថ្មីមួយ នៅទីក្រុង Houston រដ្ឋតិចសាស់ ទៀតផង៕

ប្រភពពី រ៉យធឺ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner