ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ខណៈកំពុងស្ថិតក្នុងដំណាក់កាល​សិក្សាលម្អិត

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៥នេះថា ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួង​សាធារ​ណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស​អង្គភាព​គ្រប់គ្រងគម្រោង រួម​ជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និង​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ចុះ​ពិនិត្យការដ្ឋានរួមគ្នា ដើម្បី​ពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែលមាន​បច្ចុប្បន្ន ហើយរង​ប៉ះពាល់ដោយ​សារ​គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

ក្នុងឱកាសនេះក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែល​មានស្រាប់ក្នុង និងជុំវិញបរិវេណ​គម្រោង ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់​បណ្ដាញ​​បញ្ជូន​ថាមពលតំបន់​នេះ មានបណ្តាញតង់ស្យុងមធ្យម(MV)នៅកប់ក្រោមដី។ ដោយឡែកនៅ​ត្រើយខាងកើត អាចនឹង​មាន​ការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោល​បណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោម​ការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

ប្រភពដដែលបន្តថា ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង​ទាន់តាមផែនការគ្រោងទុក ក្រសួងសាធារណការ បានស្នើឱ្យក្រុម​ហ៊ុន​ទីប្រឹក្សា​បច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និង​សេវាករ ដែលធ្វើ​សេវា​កម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្ម​គំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តា​ញដែលប៉ះពាល់សសរ​គ្រឹះស្ពាន ដើម្បី​ធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនី​ជាយថាហេតុ។

សូមបញ្ជាក់ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុង​ដំណាក់កាលសិក្សាលម្អិត ជាគម្រោង​ទទួលបានហិរញ្ញប្បទានរបស់ធនាគារ​អាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មាន​ចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ, ទន្លេមេគង្គប្រវែង ១ ២៦២​ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ៕
ដោយ៖មុនី
រូបភាព៖ក្រសួងសាធារណការ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner