អាណាព្យាបាល៖ ការបញ្ចុះបញ្ចូលពលករ ចូលរួមធ្វើបាតុកម្ម​ជាល្បិចខ្ចីខ្នងយុវជន ចម្លងភក់របស់ក្រុមអ្នកនយោបាយ ប្រឆាំង

(ភ្នំពេញ)៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗដែលជាពលករខ្មែរ​នៅ​បរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស ជាល្បិចកល​ខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជា​រាស្រ្ត​មានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌សម្រាប់​ជាតិ​មាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការ​ព្រួយបារម្ភ​ចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗរបស់ខ្លួន បន្ទាប់​ពីមានការកៀរគរធ្វើបាតុកម្មជារើយៗពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។ 

លោកតា ខិត ទូច ជាអាណាព្យាបាលពលករដែលកំពុងធ្វើការ​នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីការព្រួយបារម្ភខ្លាំងណាស់​ចំពោះកូនៗចៅៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរឱ្យមាន​ការ​ធ្វើ​បាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស​ជារើយៗ​ដូច្នេះ ដែលទង្វើទាំងនេះលោកតាចាត់ទុកថាជា​ការបង្កើត​ភាពចលាចលខ្លាំងណាស់សម្រាប់ជាតិមាតុភូមិ។

ការធ្វើឱ្យមានភាពចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស វាប៉ះ​ពាល់​ណាស់ដល់កិត្តិយសជាតិ ធ្វើឱ្យបរទេសដៀល​ត្មះ​មកលើជាតិខ្លួនឯង ជាពិសេសប៉ះពាល់ដល់ការងាររបស់ខ្លួន​ឯងដែលជាពលករធ្វើការនៅបរទេសតែម្តង។

លោកតាបានសង្កត់ធ្ងន់ថា ក្នុងនាមជាពលករដែលមានឈាម​ជាខ្មែរ ដែលចាកចេញពីប្រទេសកំណើតទៅធ្វើការ​នៅ​បរទេស ហើយត្រលប់មកវាយប្រហារលើទឹកដីប្រទេស​កំណើត​ខ្លួនឯង វាមិនត្រឹមត្រូវនោះឡើយ។ តួនាទីនិង​កាតព្វកិច្ច​​របស់យើងត្រូវតែមានសម្រាប់ជាតិ ប្រសិនបើការ​ប្រព្រឹត្ត​របស់បុគ្គលជាពលរដ្ឋខ្មែរធ្វើឱ្យបរទេសវាយតម្លៃ​លើ​ប្រទេសខ្លួនឯង វាជារឿងដ៏អាក្រក់ណាស់សម្រាប់ជាតិ​មាតុ​ភូមិរបស់ខ្លួន។

លោកតាផ្តាំទៅកូនៗចៅៗដែលជាពលករខ្មែរកំពុងធ្វើការនៅប្រទេសកូរ៉េ សូមកុំចាញ់បោកការឃោសនាឱ្យមានបាតុកម្ម វាជាល្បិចកលរបស់ក្រុមប្រឆាំងទាំងស្រុង។ សូមជឿជាក់​មកលើថ្នាក់ដឹកនាំដែលខិតខំណាស់ សូម្បីតែទៅ​ធ្វើការ​នៅ​ប្រទេសកូរ៉េបានចំណូលខ្ពស់នេះក៏ជាការខិតខំរបស់ថ្នាក់ដឹកនាំដែរ។ ដូច្នេះក្នុងនាមជាមនុស្ស ជាឈាមខ្មែរ ត្រូវមានចិត្ត​ស្មោះត្រង់ និងមានគុណធម៌ដល់ជាតិ។

ដោយឡែកលោកតា ម៉ៅ យី ជាអាណាព្យាបាលរបស់​ពលករ​នៅសាធារណរដ្ឋកូរ៉េ បានលើកឡើងពីក្តីព្រួយបារម្ភ​ចំពោះការ​ធ្វើឱ្យមានបាតុកម្មជារើយៗពីសំណាក់អតីតក្រុមអ្នកនយោបាយនៅក្រៅប្រទេសដោយគ្មានបានការអ្វីនោះឡើយ។

លោកតាបានប្រដូចការកៀរគរពលករខ្មែរឱ្យចូលរួមបាតុកម្មនេះ គឺជាការផ្តល់គុណវិបត្តិមួយដល់ពលករដោយមិនដឹងខ្លួន ខណៈពួកគេកំពុងមានសុវត្ថិភាព មានសិទ្ធិជ្រកកោណ និង​កំពុងធ្វើការនៅបរទេសដើម្បីរកប្រាក់ផ្ញើរមកក្រុមគ្រួសារ។

លោកតាបានសង្កត់ធ្ងន់ថា កន្លងមកជាបទពិសោធន៍ហើយ​រាល់​ការធ្វើ​បាតុកម្មដែលគ្មានអ្វីជាដុំកំភួននោះទេ ក្រៅពីបង្កឱ្យ​មានចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស។ លោកចោទ​សួថា តើនណាថាការធ្វើបាតុកម្មគឺជាដំណោះស្រាយ? គ្មាន​នោះទេបាតុកម្មបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជាតិមាតុភូមិ ជាពិសេសប៉ះពាល់ដល់ស្ថានភាពការងារ​របស់​ពលករ​លើទឹកដីបរទេស។ វាសមមុខណាស់មែនទេ ដែល​ខ្មែរខ្លួនឯង វាយប្រហារទឹកដីកំណើតខ្លួនឯង នៅលើទឹកដី​បរទេស?

លោកតាផ្តាំទៅកូនចៅគ្រប់ៗគ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការ​ញុះ​ញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេ​បាន​និងកំពុងបោកប្រាស់កូនចៅហើយ។ លោកតាថា បន្ទាប់ពីមាន​បាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេស​ដែល​ពួក​គេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើ​ប៉ះពាល់​ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះ​ពាល់គឺ​ពលករ មិនមែនអ្នកកៀរគរធ្វើបាតុកម្មនោះឡើយ។

គួរបញ្ជាក់ថា ការលើកឡើងពីក្តីព្រួយបារម្ភរបស់អាណាព្យា​បាល​និងក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមាន​ការ​កៀរគរ​ពលករខ្មែរនៅសាធារណរដ្ឋកូរ៉េសារជាថ្មី​ពីសំណាក់​ក្រុមអតីតអ្នកនយោបាយប្រឆាំងជ្រុលនិយម ដើម្បីចូលរួម​បាតុកម្ម​ប្រឆាំងដំណោះស្រាយរបស់រាជរដ្ឋាភិបាល​លើករណី​កោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយ​ទេដែលអតីត​ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើនលើសលុបចូលរួម​សកម្មភាពរបស់ពួកគេនោះទេ ពីព្រោះពលករបានយល់​ឃើញថា​ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារ​ដែល​អាចដោះស្រាយបញ្ហាបាននោះទេ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner