រដ្ឋបាលស្រុកបន្ទាយស្រី ៖ សុខភាពរបស់កុមារជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នា

(ប្រទេសចិន)៖ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិនដែលបានយកចិត្តទុកដាក់ជួយព្យាបាលកុមារកម្ពុជាចំនួន ៥រូបដែលបានទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត។

ក្នុងពេលជជែកជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន លោកអភិបាលរងបានគូសបញ្ជាក់ពីការគាំទ្រនិងកិច្ចសម្របសម្រួលរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការYUNDI ដែល ចាប់ពីឆ្នាំ២០១៩ មក បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គពាក់ព័ន្ធនានា ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាពកុមារនៅក្នុងស្រុកបន្ទាយស្រី និងបានគាំទ្រដល់ការបញ្ជូនកុមារដែលត្រូវបានក្រុមគ្រូពេទ្យកម្ពុជា-ចិន រកឃើញថាមានជំងឺបេះដូងពីកំណើតយកមកវះកាត់និងព្យាបាលនៅប្រទេសចិន។

ដោយឡែកនាដើមឆ្នាំ២០២៥នេះ ក្រោមការចង្អុលបង្ហាញពីលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ទើបលោក ងន ប៊ុនធី ទទួលភារៈដឹកនាំកុមារីចំនួន២រូប មកទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត នៅប្រទេសចិន។

លោកអភិបាលរងបានរំលេចនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ថាប់ សារ៉ន និងលោក រិន ឡូត ដែលតាមរយៈប្រព័ន្ធទូរស័ព្ទបានទាក់ទងមកសួរសុខទុក្ខដល់ក្រុមគ្រួសារកុមារ២រូបថែមទៀតផង។ ក្នុងសេចក្តីរំភើបរីករាយជាមួយក្រុមគ្រួសារកុមារទាំង៥រូបនេះ លោកអភិបាលរងស្រុកបន្ទាយស្រីបានថ្លែងអំណរគុណជាពន់ពេកដល់ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី ដែលជានិច្ចកាលបានជ្រោមជ្រែងផ្តល់ថវិកាជួយរៀបចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះ ការស្នាក់នៅ ការហូបចុក និងប្រាក់ហោប៉ៅ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយស្រោចស្រង់អាយុជីវិតរបស់កុមារទាំង៥រូបនេះឱ្យជាសះស្បើយ និងទទួលបានសុខភាពល្អ ដែលនេះជាក្តីបំណងប្រាថ្នារបស់យើងទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០១៨មក ដោយមានការសម្របសម្រួលពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបកុមារចំនួន១១៧រូបដែលក្នុងនោះមាន៥រូបរស់នៅក្នុងស្រុកបន្ទាយស្រី បានជាសះស្បើយទាំងស្រុងពីជំងឺបេះដូងពីកំណើតតាមរយៈការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន។ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការYUNDI នឹងបន្តជាស្ពានដ៏ប្រសើរក្នុងការជួយព្យាបាលដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner