ក្រុមសកម្មប្រយុទ្ធថា អ៊ីស្រាអែលដាក់ពង្រាយរថក្រោះលើកដំបូងក្នុងពេល ២០ឆ្នាំ ជាផែនការលុកលុយដ៏ធំនៅតំបន់ West Bank
វេសប៊ែង ៖ ក្រុមសកម្មប្រយុទ្ធជីហាតរបស់ប៉ាឡេស្ទីន បាននិយាយនៅថ្ងៃចន្ទថា ការដាក់ពង្រាយរថក្រោះចម្បាំងមិនធ្លាប់មានក្នុងពេល ២០ឆ្នាំរបស់អ៊ីស្រាអែលនៅតំបន់ West Bank គឺជាផ្នែកមួយនៃការលុកលុយដ៏ធំ ដើម្បីបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន ហើយដាក់តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត បានគូសបញ្ជាក់ថា ការជម្លៀសមនុស្សទ្រង់ទ្រាយធំ និងការដាក់ពង្រាយរថក្រោះចម្បាំងរបស់អ៊ីស្រាអែលជាលើកដំបូងនៅតំបន់ West Bank ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ បានសបញ្ជាក់អំពីផែនការទន្ទ្រានលុកលុយតំបន់នេះដោយកម្លាំងយោធា។
ជាមួយគ្នានេះ ក្រុមជីហាតដែលមានសម្ព័ន្ធភាពជាមួយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងមានវត្តមានរឹងមាំនៅភាគខាងជើងតំបន់ West Bank បានបរិហារសកម្មភាពឈ្លានពានថ្មីរបស់អ៊ីស្រាអែល ដែលខ្លួនបាននិយាយថា មានគោលបំណងដកប្រជាជនរបស់ប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ។
ការអះអាងបែបនេះរបស់ក្រុមសកម្មប្រយុទ្ធជីហាត ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ី ស្រាអែលបានបញ្ជូនរថក្រោះចូលក្នុងតំបន់ West Bank ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយបញ្ជាឱ្យយោធាបន្តស្ថិតនៅទីនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅឯជំរំជនភៀសខ្លួននានា។
ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងរយៈពេលមួយខែមកនេះ ខណៈយោធាអ៊ីស្រាអែលចូលទៅកាន់ជំរំជនភៀសខ្លួន ដូចជានៅក្នុងទីក្រុង Jenin និង Tulkarm ដើម្បីបង្ក្រាបក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រួមទាំងហាម៉ាស់ និងជីហាត។
បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រហែល ៤០,០០០នាក់បានចាកចេញពីជំរំ ដែលឥលូវនេះគ្មាននៅសល់ទៀតទេ។
ជំរំនៅក្នុងតំបន់ West Bank គឺជាលំនៅដ្ឋានតជំនាន់របស់ជនជាតិប៉ាឡេស្ទីន ដែលបានភៀសខ្លួន ឬត្រូវបណ្តេញចេញពីផ្ទះក្នុងសង្រ្គាមឆ្នាំ ១៩៤៨ នៅពេលដែលអ៊ីស្រាអែលបង្កើតបានជាប្រទេសមួយ និងជាទីតាំងដ៏រឹងមាំនៃក្រុមសកម្មប្រយុទ្ធអស់ជាច្រើនទសវត្សរ៍មកហើយ៕
ប្រភព ៖ France24 និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា



