ពលរដ្ឋ និងពលករ កម្ពុជា នៅ ជប៉ុន ប្រកាសមិនចូលរួមគម្រោងបាតុកម្ម នៅកូរ៉េ ដែលជាផែនការរបស់ក្រុមជ្រុលនិយម
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងសិក្សា ធ្វើការងារ និងស្នាក់នៅប្រទេសជប៉ុន បានប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេបានអះអាងថា ក្រុមមនុស្សជ្រុលនិយមគិតតែពីមហិច្ឆតាផលប្រយោជន៍នយោបាយខ្មៅកង្វក់ ដែលមិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះទេ។
លោក ប្រាក់ វណ្ណៈ ប្រជាពលរដ្ឋកម្ពុជាកំពុងបម្រើការងារនៅប្រទេសជប៉ុនបាននិយាយថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ មិនគាំទ្រ មិនចូលរួម និងសូមប្រឆាំងដាច់ខាតតែម្ដងចំពោះបាតុកម្មនានា ជាពិសេសបាតុកម្មនៅកូរ៉េខាងមុខនេះ ព្រោះវាមិនមែនជាមធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាជាតិ ឬក៏ទាមទារអ្វីបានមួយនោះទេ»។
លោកបានបន្តថា ការដោះស្រាយបញ្ហាប្រទេសជាតិ មិនមែនជ្រើសរើសជម្រើសបាតុកម្មយកមកដោះស្រាយនោះទេ គឺទាមទារឱ្យមានការសិក្សាផ្លូវច្បាប់ ឯកសារជាក់លាក់ និងការសម្របសម្រួលនានាទៅតាមនីវិធីច្បាប់។ ដូច្នេះលោកថា ការធ្វើបាតុកម្មមិនមែនជម្រើសល្អទេ ថែមទាំងបំផ្លាញកិត្តិយសជាតិនៅលើទឹកដីបរទេសទៀតផង។
កញ្ញា ជី រ៉ាវ៉ាន់ ពលករកម្ពុជាកំពុងបម្រើការងារនៅប្រទេសជប៉ុន បាននិយាយថា៖«ខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ដូច្នេះខ្ញុំមិនចូល មិនគាំទ្រ និងមិនពេញចិត្តចំពោះការធ្វើបាតុកម្មនោះទេ»។
កញ្ញាបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលពួកគេទាមទារនោះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយទៅតាមសន្ដិវិធីច្បាប់ហើយ។
កញ្ញាបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ។
លោក សូ ភារ៉ា ប្រជាពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសជប៉ុនបានថ្លែងថា៖«ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើនយោបាយបរទេសប៉ុណ្ណោះដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត»។
លោកបន្តថា ចេតនារបស់ក្រុមជ្រុលនិយម គឺបញ្ឆេះកំហឹងពលរដ្ឋឱ្យស្អប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយប្រើលេសស្នេហាទឹកដី និងព្រំដែន ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដូច្នេះគំនិតដ៏អាក្រក់ទាំងនេះ ពលរដ្ឋមិនគួរចូលរួមទេ ហើយងាកមកចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។
អ្នកស្រី តាំង ចន្ថា ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រទេសជប៉ុនបាននិយាយថា៖«បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិទាំងមូលនៅលើទឹកដីបរទេស»។
អ្នកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន កុំទៅចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ និងជឿជាក់លើការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត ក្នុងការចចារដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕



ដោយ ៖ ង៉ាន់ ទិត្យ