លោក ពូទីន ថា ការអភិវឌ្ឍន៍រ៉ែកម្រ គឺជាអាទិភាពជាយុទ្ធសាស្ត្រ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ការអភិវឌ្ឍន៍ឧស្សាហកម្មរ៉ែកម្រ គឺជាអាទិភាពជាយុទ្ធសាស្ត្រ ដែលនឹងលើកកម្ពស់ការប្រកួតប្រជែងជាសកល កំណើនសេដ្ឋកិច្ច និងគុណភាពជីវិតរបស់រុស្ស៊ី។
ថ្លែងតាមរយៈ Video Conference ក្នុងកិច្ចប្រជុំស្តីពីការជំរុញឧស្សាហកម្មរ៉ែកម្រ លោក ពូទីន បានកត់សម្គាល់ថា វិស័យនេះគឺជាធនធានមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចទំនើបរបស់ប្រទេសរុស្ស៊ី។
បើតាមការអះអាងរបស់លោក ពូទីន រ៉ែកម្រមានសារសំខាន់នៅក្នុងវិស័យមីក្រូអេឡិចត្រូនិច ថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងឧស្សាហកម្មការពារជាតិ ដោយលោកបានបន្ថែមថា ពួកវាមានតម្រូវការខ្ពស់សម្រាប់គំរូបច្ចេកវិទ្យាថ្មីៗស្ទើរតែទាំងអស់។
យ៉ាងណាមិញ លោក ពូទីន ក៏បានទទួលស្គាល់ដែរថា រុស្ស៊ីនៅមិនទាន់ទទួលបានទុនពេញលេញលើធនធានទាំងនេះនៅឡើយទេ ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងនៅក្នុងវិស័យដ៏សំខាន់នេះ។
លោក ពូទីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទៀតថា រុស្ស៊ីនៅតែបើកចំហធ្វើការជាមួយដៃគូបរទេសនៅក្នុងវិស័យរ៉ែកម្រ រួមទាំងក្រុមហ៊ុនអាមេរិកផងដែរ។
យោងតាមទិន្នន័យរបស់មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បានឲ្យដឹងថា រុស្ស៊ីមានទុនបំរុងលោហៈធាតុកម្រធំបំផុតលំដាប់ទី ៥របស់ពិភពលោក បន្ទាប់ពីចិន ប្រេស៊ីល ឥណ្ឌា និងអូស្រ្តាលី ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា