សត្វទាព្រៃចំនួន ៦ប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត នៅ​ក្នុង​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រភេទសត្វទាព្រៃ​ដ៏កម្រ​ចំនួន ៦ប្រភេទកំពុងតែរស់នៅ និងបន្តពូជកូនចៅយ៉ាងសុខ​សាន្តនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។

លោក ឈឿន សុជាតិ ជាមន្រ្តី ឧទ្យានុរក្ស និង ជាអ្នក ថតរូប​សត្វ​ស្លាប​ប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បាន​ប្រាប់ឱ្យដឹងថា៖មានសត្វកម្រៗជាច្រើនប្រភេទណាស់​កំពុង​រស់នៅ និងមករកចំណីនៅបឹងព្រែកល្ពៅ។ ក្នុងចំណោមនេះ​ដែលលោកបានថត និងកត់សម្គាល់កន្លងមកក៏មានទា​ព្រៃ​ចំនួន ៦ប្រភេទកំពុងរស់នៅតំបន់ទេសចរណ៍​ដ៏សក្តានុពល​មួយកន្លែងនេះផងដែរ ។

លោកបានប្រាប់ថាសម្រាប់សត្វទាព្រៃកម្រៗទាំង៦ប្រភេទនេះរួមានដូចជា៖ទាព្រៃតូច(Eurasian Teal)ជាប្រភេទ ទេសន្តរ​ប្រវេសន៍ ត្រូវបានគេកត់ត្រាឆ្នាំ២០២៥,ទាព្រៃកន្ទុយម្ជុល (Northern Pintail)ជាប្រភេទទេសន្តរប្រវេសន៍ កត់ត្រា​ឆ្នាំ២០២៤,ទាព្រៃក្បាលឆ្នូតស(Garganey)ជាប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៣,ទាព្រៃចំពុះធំ(Northern Shoveler) ជាប្រភេទទេសន្តរប្រវេសន៍ ត្រូវបានគេកត់ត្រា​ឆ្នាំ២០២២,ទាកាប៉ាព្រៃ (Comb Duck) ត្រូវបានកត់ត្រា​ឆ្នាំ២០២២ និងទាកាបព្រៃ (Indian Spot-billed Duck) ដែលត្រូវបានកត់ត្រាឆ្នាំ២០២២។

មន្រ្តីឧទ្យានុរក្សរូបនេះបានប្រាប់ដែរថាក្នុងចំណោមសត្វទាព្រៃទាំងនេះគឺគេឃើញទាព្រៃក្បាលឆ្នូតស សម្បូរច្រើន​ជាង​គេ​ពោល​គឺមានរហូតដល់រាប់ពាន់ក្បាលឯណោះ។ពួកវាតែង​មក​រកចំណីនារដូវទឹកសម្រកនៃខែធ្នូ ហើយរហូតដល់ចុងខែកុម្ភៈ ទើប​ពួក​វាបន្លាស់ទីចេញទៅវិញ។សម្រាប់សត្វទាកាបព្រៃវិញ​ក៏គេឃើញមានច្រើនផងដែរពោលគឺមានរាប់រយក្បាល និង​ចំណែកសត្វទាព្រៃដទៃទៀតវិញគឹមានចំនួនតិចតួចប៉ុណ្ណោះ។

លោកបានបបញ្ជាក់ប្រាប់បន្ថែមថានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវនេះក្រៅពីសត្វទាព្រៃ​ក៏មាន​សត្វកម្រៗជាច្រើនទៀតដូចជាសត្វចាបព្រៃវែង ត្រដក់ធំ, រនាលពណ៍ ត្រយងខ្លួនសទុងប្រផេះ ស្មោញ,សត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជច្រើនប្រភេទទៀត។

លោក ឈឿន សុជាតិ បានប្រាប់ដោយបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរភាគច្រើននិយមមកទស្សនាសត្វកម្រ និង​ជិត​ផុតពូជទាំងនោះ ចន្លោះពីខែតុលា ដល់ខែកុម្ភៈ ដោយសារ​តែមានទឹកល្អ ធ្វើឱ្យសត្វបង្ហាញខ្លួន។ចំពោះតំបន់ការ​ពារ​ទេសភាពបឹងព្រែកល្ពៅនេះ មានទេសភាពបែបធម្មជាតិ​ដ៏ស្រស់ត្រកាល និងជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់​សត្វស្លាបពង និងបន្តពូជរៀងរាល់ឆ្នាំ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner