មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ចាត់ទុកកីឡា ជាការទូតនៃសន្តិភាព

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងចាត់ទុកកីឡា ជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឱ្យមានការប្រកួតកីឡានានា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លើកឡើងបែបនេះ ក្នុងឱកាសបើក ការប្រកួតប្រឡងប្រណាំង ៨ វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅបញ្ជាការដ្ឋាន អង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន តំណាងឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានឲ្យដឹងថា ការប្រកួតប្រឡងប្រណាំង ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ មាន៨វិញ្ញាសារ ដូចជា៖ វិញ្ញាសារដោះរៀបអាវុធបីប្រភេទ, វិញ្ញាសារសណ្តាប់ធ្នាប់ជួរទ័ព និងលំហាត់ប្រាណយោធា, វិញ្ញាសារលំហាត់ប្រាណយោធា, វិញ្ញាសារអូស-រុញរថយន្តទម្ងន់៧តោន, វិញ្ញាសាររត់ប្រដាប់អាវុធ ចម្ងាយ៧គីឡូម៉ែត្រ, សែងប្រង់ការ៥០ ចម្ងាយ ៤គីឡូម៉ែត្រ, ឆ្លងកាត់ឧបសគ្គទាំង២៥, វិញ្ញាសារបាញ់អាវុធវែងអាកា៤៧ ពីចម្ងាយ បីកាយវិការ និងវិញ្ញាសារបាល់ទះ ដោយមានកីឡាករចូលរួមចំនួន ២២ក្រុម មកពីកងឯកភាពចំណុះបញ្ជាការដ្ឋានអង្គរក្ស ។ ការប្រកួតនេះ ចាប់ផ្ដើមធ្វើការប្រកួតជម្រុះ ពីថ្ងៃ២៦ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។

នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ការរៀបចំការប្រកួត ប្រឡងប្រណាំងនេះ ធញវើឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីរួមចំណែកលើកស្ទួយ វិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។

ឯកឧត្តម កិតិ្តសង្គហបណ្ឌិត  មានប្រសាសន៍បន្តថា យើងសូមអរគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការឯកភាពជាតិ ពេញលេញទូទាំងប្រទេស។ ដោយសារកត្តា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់ ក្រុមកីឡាករ ត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀស អោយឆ្ងាយពីគ្រឿងញៀន មកជាការការលេងកីឡា ពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន ពិសេស ត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមទាំងបី គឺ ស្មោះត្រង់ បម្រី និងលះបង់ ការពារប្រមុខថ្នាក់ដឹកនាំ និងក្រុមគ្រួសារលុះអវសាន្ត នៃជីវិត ហើយបោះទ័ពនៅទីណា ត្រូវជួយប្រជាពលរដ្ឋ ឲ្យពលរដ្ឋស្រលាញ់ ពេលចេញទៅ ឲ្យប្រជាជន នឹករលឹក ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រកាសថា នឹងផ្តល់ជូនរង្វាន់លើកទឹកចិត្ត ជ័យលាភី សម្រាប់ក្រុមកីឡាចំណាត់ថ្នាក់លេខ១ នូវថវិកា ៣ពាន់ដុល្លាសហរដ្ឋអាមេរិក។

សូមរំលឹកថា នៅក្នុងព្រឹត្តិការណ៍បាល់ទះ «តេជោលីក» ដែលជាការប្រកួតលីកអាជីពនោះ គឺក្រុមកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស បានគ្រងជើងឯក ២ឆ្នាំជាប់ៗគ្នា គឺក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner