មន្រ្តីក្រសួងកសិកម្ម ណែនាំកសិករ ដាំចម្ការផ្លែមាន តាង៉ែន ត្រូវដាំតាមបច្ចេកទេស ដើម្បីឈោងចាប់ទីផ្សារ
(ភ្នំពេញ)៖ដើម្បីជំរុញ ផលិតផល កសិកម្ម ឱ្យកាន់តែមានគុណភាពស្របតាមស្តង់ដានោះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានធ្វើការណែនាំដល់ប្រជាកសិករដែលបានដាំចម្ការមៀនតាង៉ែន នៅខេត្ត ឧត្តរមានជ័យត្រូវមានបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើយ៉ាងណាឱ្យផ្លែធំ សាច់ក្រាស ហើយអាចឈោងចាប់ទីផ្សារដោយមិនជួបការលំបាកឡើយ។
ថ្លែងក្នុងពេលចុះពិនិត្យចម្ការផ្លែមៀនតាង៉ែនរបស់អ្នកស្រី វណ្ណ គន្ធា នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងឱ្យដឹងថា៖ តាមការពិនិត្យរបស់មន្ត្រីជំនាញ និង ក្រុមហ៊ុនប្រមូលទិញ និង កែច្នៃមៀនតាង៉ែន ចម្ការរបស់អ្នកស្រីមិនបានដាំដុះតាមស្តង់ដារបច្ចេកទេស ខ្វះទឹក និងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ខ្វះការមើលថែ ដែលបណ្ដាលឱ្យផ្លែមៀនតាង៉ែនមានទំហំតូច សាច់ផ្លែតាង៉ែនស្តើង ជ្រួញនិងស្ងួត។ ផ្លែមៀនតាង៉ែនដែលមានគុណភាពដូច្នេះ មិនត្រូវស្តង់ដារសម្រាប់នាំចេញទៅក្រៅប្រទេស ឬសូម្បីតែទីផ្សារក្នុងស្រុកក៏ស្ទើរតែពុំអាចស្រូបទិញបានដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ ព្រមទាំងបានណែនាំឱ្យអ្នកស្រី និងកសិករនៅក្នុងតំបន់ក្បែរខាង ទាក់ទង សហការជាមួយមន្ត្រីកសិកម្មឃុំ មន្ទីរជំនាញ ឬក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដើម្បីស្វែងរកការជួយគាំទ្រ ឬអន្តរាគមន៍ណាមួយ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអញ្ជើញអ្នកស្រី វណ្ណ គន្ធា ចូលរួមនៅក្នុងកិច្ចប្រជុំមួយនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមពីកសិករដាំមៀនតាង៉ែនទូទាំងខេត្តឧត្តរមានជ័យ ក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួបពិភាក្សាគ្នាលើការចងក្រងជាបណ្ដុំសហគមន៍ អំពីតម្រូវការនិងលក្ខខណ្ឌបច្ចេកទេសនៃការដាំដុះ និងលទ្ធភាពក្នុងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយគ្នា។ជាការឆ្លើយតបអ្នកស្រី វណ្ណ គន្ធា ថ្លែងថា អ្នកស្រីនឹងចូលរួមក្នុងកិច្ចប្រជុំនេះឲ្យខាងតែបាន។
ជាមួយគ្នាកសិករដាំដំណាំមៀនតាង៉ែនរូបនេះ បានថ្លែងអំណរគុណ ឯកឧត្តមអនុរដ្ឋលេខាធិការចំពោះការបាន ផ្ដល់អនុសាសន៍ណែនាំអំពីបច្ចេកទេស ទីផ្សារ ដែលធ្វើឲ្យអ្នកស្រីមានកម្លាំងចិត្តបន្តការដាំដុះមៀនតាង៉ែន ស្របតាមស្តង់ដារបច្ចេកទេស និងការគាំទ្រ ទាំងពីក្រុមហ៊ុន អ្នកប្រមូលទិញ និងមន្ដ្រីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕




ដោយ ៖ ម៉ាដេប៉ូ