មនុស្សយ៉ាងតិចជិតមួយម៉ឺននាក់ នឹងទទួលផលពីការស្តារផ្លូវមួយខ្សែប្រវែង៤គីឡូម៉ែត្រនៅស្រុកសំឡូត
បាត់ដំបង៖ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំមួយខ្សែប្រវែង៤គីឡូម៉ែត្រស្ថិតនៅឃុំសំឡូត ស្រុកសំឡូត ។បន្ទាប់ពីកំណាត់ផ្លូវនេះស្តារឡើងវិញរួចរាល់ ប្រជាជនក្នុងឃុំសំឡូតផ្ទាល់ជិតមួយម៉ឺននាក់ នឹងទទួលបានផលដោយផ្ទាល់ ដោយពុំទាន់គិត
ដល់អ្នកឆ្លងកាត់ជាច្រើននាក់ទៀតមកពីតំបន់ទទៃផង។
ពិធីបើកការដ្ឋានបានប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។កំណាត់ផ្លូវប្រវែង៤គីឡូម៉ែត្រ នឹងត្រូវស្តារទៅជាផ្លូវល្បាយថ្មភ្នំ ដែលមានទទឹង៨ម៉ែត្រ ។មានសង់លូមូលគ្រប់ប្រភេទចំនួន៩កន្លែង,លូប្រអប់មុខបួនចំនួនមួយកន្លែង ។ ផ្លូវនេះត្រូវអនុវត្ត និងស្ថាបនាដោយកងកម្លាំងវិស្វកម្មនៃនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។
អមសងខាងកំណាត់ផ្លូវដែលត្រូវកែលំអស្តារឡើងវិញឱ្យកាន់តែប្រសើរ និងមាំទាំជាងមុន គេសង្កេតឃើញប្រជាជនយ៉ាងច្រើនបានមកតាំងទីលំនៅនិងប្រកបអាជីវកម្មផ្សេងៗ ។មួយវិញទៀត ផ្លូវមួយខ្សែនេះក៏ជាបណ្ដាញគមនាគមន៍មមាញឹកនៅក្នុងតំបន់ ពោលគឺចរាចរដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្មនានាផងដែរ ។
មើលឃើញពីសកម្មភាពសេដ្ឋកិច្ចលើផ្លូវមួយខ្សែនេះ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ការសាងសង់ផ្លូវជនបទនៅទីនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំសំឡូត និងភូមិឃុំក្បែរខាង។ពួកគេនឹងទទួលបានការលើកកម្ពស់ជីវភាពប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់ជាប្រចាំគ្រប់រដូវកាល។ឯកឧត្តមបន្ថែមថា ផ្លូវជនបទនេះ ផ្តល់នូវអត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាពលលរដ្ឋក្នុងឃុំសំឡូតចំនួន ២ ៤៩១គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ៩ ៤៣៥នាក់។
ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ជាប់នឹងការដ្ឋានសាងសង់ សូមចូលរួមជាមួយក្រុមការងារអនុវត្តគម្រោងនិងជួយបង្កលក្ខណៈដើម្បីឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕





អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.