ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនកោតសរសើរការងារអភិបាលកិច្ចប្រទេសរបស់សម្តេចធិបតី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៊ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, ឯកឧត្តម លីវ ចុងអ៊ី បានកោតសរសើរសម្ដេចធិបតី ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារអភិបាលកិច្ចប្រទេស ហើយឯកឧត្តមបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម លីវ ចុងអ៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីលទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តរក្សាសន្តិភាព និងធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួង និងស្ថាប័ន្ធពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែម ជាពិសេស លើការកសាងសមត្ថភាព និងការផ្លាស់ប្ដូរព័ត៌មាន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត



