ឯកអគ្គរដ្ឋទូតថ្មី ប្រទេសឥណ្ឌា បេ្តជ្ញាជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យា ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំឡើង នៅក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរផងដែរ ។

ឯកអគ្គរដ្ឋទូថ្មីឥណ្ឌា ប្តេជ្ញាចិត្តបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងារ ជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។

ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃពីភាពស្រស់ស្អាត និងការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា។ ពិសេសបានស្ញប់ស្ញែងនូវវប្បធម៌ដ៏សម្បូរបែប ចំណាស់និងរុងរឿងរបស់កម្ពុជា ដែលមានលក្ខណៈស្រដៀងគ្នាជាច្រើន ជាមួយប្រទេស ឥណ្ឌា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការជំរុញវិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាបន្តទៀត។ ចំពោះវិស័យពាណិជ្ជកម្មនិងទេសចរណ៍វិញ ឯកឧត្តមបានបញ្ជាក់ថា ឆាប់ៗនេះនឹងមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកាន់ខេត្តសៀមរាបតែម្តង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា កម្ពុជា និង ឥណ្ឌា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥២មកម្លេះ ប៉ុន្តែបានកាត់ផ្តាច់ទៅវិញនៅពេលកម្ពុជាជួបសង្រ្គាម ។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ឥណ្ឌាជាប្រទេសដំបូងគេ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា។ ក្រោយរបបខ្មែរក្រហមបានដួលរលំ គឺនៅក្នុងឆ្នាំ១៩៨១ សម្តេចក៏បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបានជាមួយថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌា។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា បេសកកម្មការទូតរបស់ ឯកឧត្តមនាពេលនេះ ពិតជាមានសារៈសំខាន់ជាខ្លាំងស្របពេលដែលទំនាក់ទំនងការទូតទ្វេភាគី កម្ពុជា-ឥណ្ឌា បានឈានចូលដល់ខួបលើកទី៧៣ ឆ្នាំ។ ទំនាក់ទំនងដែលឈរលើភាពស្មោះត្រង់ បើកចំហ ជឿជាក់គ្នាទៅវិញទៅមក បានរីកចម្រើនឈានឡើងជាលំដាប់ស្ទើរគ្រប់វិស័យ និងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនប្រជាជាតិទាំងសងខាង ព្រមទាំងរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោកថែមទៀតផង។

សម្តេចបានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌាដែលបានជួយគាំទ្រដល់កម្ពុជារហូតមក រាប់តាំងពីការស្វែងរកសន្តិភាពនៅឆ្នាំ១៩៩១ ជាដើម។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះឆន្ទៈនិងទឹកចិត្តមោះមុត របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សម្តេចបានលើកឡើងថា ឥណ្ឌាជាប្រទេសធំ មានប្រជាពលរដ្ឋច្រើន មានការរីកចម្រើនខាងបច្ចេកវិទ្យា សុខាភិបាល ដែលសុទ្ធសឹងជាវិស័យមានសក្តានុពលនៅក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងការផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងសងខាង៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner