អាជ្ញាធរខេត្តកំពតបន្តចែកបណ្ណកម្មសិទ្ធជាងមួយពាន់បណ្ណ ជូនពលរដ្ឋស្រុកទឹកឈូ
កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុជូនប្រជាពលរដ្ឋនៅភូមិដូនស៊យ ឃុំថ្មី និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ១ ០១៥ក្បាលដី ស្មើនឹង ៦៤៩គ្រួសារ ។ទន្ទឹមគ្នាក៏មានការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី ដោយបានជំរុញការចុះបញ្ជីដីធ្លីនិងចេញបណ្ណកម្មសិទ្ធិមានលក្ខណៈដាច់ដោយដុំ ,ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បបជាដើម។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការដឹកនាំគាំទ្រចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ម៉ៅ ធនិន អភិបាល ខេត្តកំពត ក្រុមការងារចុះបញ្ជីដីធ្លីរបស់មន្ទីរបានពន្លឿនការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។
ដោយ៖ សិលា សារិន


