រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ សម្រាប់ធ្វើឲ្យប្រសើរឡើងនូវសកម្មភាពអប់រំកុមារតូច និងលើកកម្ពស់ផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួនជាង ៧២ម៉ឺនដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ធ្វើឲ្យប្រសើរឡើងនូវសកម្មភាពអប់រំកុមារតូច និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់ ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអ្នកទទួលជំនួយគឺលោក សាអេគិ ខាហ្សាតុ នាយកអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិប្រចាំនៅកម្ពុជា និងលោកស្រី គីគុជី អាយាណុ នាយិកាអង្គការ សន្តិស្ម័គ្រចិត្ត ប្រចាំប្រទេសកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធផងដែរ ។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ទាំងពីរនេះរួមមាន ៖
-ទី១ ថវិកាចំនួន ២៤ម៉ឺន ៥ពាន់ ៨៧២ដុល្លារអាមេរិក ផ្តល់ទៅកាន់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ។ គម្រោងនេះ មានគោលបំណងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ នៅជាមួយគ្នានោះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឲ្យបានត្រឹមត្រូវ ។

-ទី២ ថវិកាចំនួន ៤៧ម៉ឺន ៤ពាន់ ៤៣២ដុល្លាអាមេរិក បានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមតេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ។
គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា «អ៊ិនរ៉េន» បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន ។ គិតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់ ១៦០គម្រោងហើយ នៅក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីននៅកម្ពុជា ដែលជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ
