អ៊ុយក្រែនត្រូវការលុយជាង ៥២០ ពាន់លានដុល្លារ ទើបអាចស្តារប្រទេសជាតិឡើងវិញ
កៀវ ៖ ប្រទេសអ៊ុយក្រែននឹងត្រូវការលុយប្រហែល ៥២៤ពាន់លានដុល្លារ ទើបអាចស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយសង្គ្រាម ៣ឆ្នាំរបស់រុស្ស៊ី ដែលនេះជាកម្រិតជិត ៣ដងនៃទិន្នផលសេដ្ឋកិច្ចដែលត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៤។ នេះបើតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក, រដ្ឋាភិបាលអ៊ុយក្រែន, អង្គការសហប្រជាជាតិ និង គណៈកម្មការអឺរ៉ុប។

ការសិក្សាថ្មីមួយដោយស្ថាប័នទាំងនេះ រួមមានទិន្នន័យពីការឈ្លានពានរបស់រុស្ស៊ីកាលពី ៣ឆ្នាំកន្លងមក រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំមុន ដោយរួមបញ្ចូលទាំងការកើនឡើងកម្រិត ៧០ភាគរយនៃការខូចខាត ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយសារការវាយប្រហាររបស់រុស្ស៊ី។
ការសិក្សាថ្មីនេះក៏បានបង្ហាញពីការកើនឡើងជាង ៧ភាគរយពីការប៉ាន់ស្មានចុងក្រោយនៃទឹកប្រាក់ចំនួន ៤៨៦ពាន់លានដុល្លារកាលពីមួយឆ្នាំមុន ដោយលំនៅឋាន ការដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការអប់រំ គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្នាំមុន តម្រូវការស្តារសេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែនបានកើនឡើងខ្លាំង ដោយសារតែការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី។
ការវាយតម្លៃចុងក្រោយដោយប្រើវិធីសាស្រ្តសកល ដើម្បីវាយតម្លៃការខូចខាត និងតម្រូវការ បានរកឃើញថា ការខូចខាតដោយផ្ទាល់នៅអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ីបានកើនឡើងពី ១៥២ពាន់លានដុល្លារដល់១៧៦ពាន់លានដុល្លារ ដែលបានរាយការណ៍នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
បច្ចុប្បន្ន ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី តាមរយៈការចរចាដាច់ដោយឡែកជាមួយរុស្ស៊ី និងអ៊ុយក្រែន ដោយបានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ថា កិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
