មេដឹកនាំគណបក្សនយោបាយ៖ ការបង្កើតក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជារបស់ក្រុមប្រឆាំងជ្រុលនិយម គឺជាចលនាខុសច្បាប់
ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានអះអាងស្រដៀងគ្នាថា ការបង្កើត «ប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាចលនាមួយខុសច្បាប់ និងប្រឆាំងជាដាច់ខាតមិនអនុញ្ញាតឱ្យក្រុមចលនាខុសច្បាប់ នៃប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា ដែលកំពុងជ្រកនៅលើទឹកដីប្រទសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ មកបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញមកពីការបោះឆ្នោត ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍឡើយ។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា ការបង្កើត «ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ជាចលនាខុសច្បាប់ និងជាការប្រមាថប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាល។ ការបង្កើតនេះ គឺដើម្បីតែកេងចំនេញនយោបាយ ពីព្រោះអ្វីដែលក្រុមប្រឆាំងជ្រុលនិយមលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដី និងបញ្ហាផ្សេងៗមួយចំនួនទៀត ជាលេសដើម្បីបង្កើតចលនាខុសច្បាប់នេះ គឺមិនត្រឹមត្រូវនោះទេ គឺរាជរដ្ឋាភិបាលធ្វើតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ និងខិតខំប្រឹងប្រែងដោះស្រាយ មិនដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។ ឯកឧត្តមបានបញ្ចាក់ថា “បើមើលផ្លូវច្បាប់ វាខុសច្បាប់ទៅបង្កើតចលនាដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល វាផ្ទុយនឹង វាខុសច្បាប់ហើយ។ អ្វីដែលពួកគេធ្វើ គឺជារឿងដដែលៗទេ ហើយខាងរាជរដ្ឋាភិបាលមានការអនុវត្តច្បាប់ អនុវត្តតាមរដ្ឋធម្មនុញ្ញ គឺធ្វើតាមច្បាប់ ធ្វើតាមរដ្ឋធម្មនុញ្ញ។ ក្រុមប្រឆាំងជ្រុលនិយមធ្វើដើម្បីកេងចំនេញនយោបាយតែប៉ុណ្ណោះ”។

ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានប្រកាសថា គណបក្សធម្មាធិបតេយ្យមិនគាំទ្រការបង្កើត «ប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះទេ និងប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យក្រុមចលនាខុសច្បាប់ នៃប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា ដែលកំពុងជ្រកនៅលើទឹកដីប្រទសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ មកបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញមកពីការបោះឆ្នោត ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍឡើយ។ លោកជំទាវបានបន្តថា ការបង្កើត «ប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» នៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្នុងគោលបំណងដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាការខុសច្បាប់ ហើយអង្គសមាជរបស់ពួកគេនេះ ថាតើប្រទេសអូស្ត្រាលីចេញច្បាប់ឱ្យ ឬក៏ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាចេញច្បាប់ឱ្យ? តើប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ មានច្បាប់ឱ្យខ្មែរនៅទីនោះធ្វើអង្គសមាជ ដើម្បីបង្កើត «ប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» ដែរឬទេ? ប្រសិនបើមិនមានច្បាប់ទេ គឺក្រុមទាំងនេះធ្វើសកម្មភាពខុសច្បាប់ តែប្រសិនបើមានច្បាប់នេះ ដោយប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ អនុញ្ញាតឱ្យក្រុមនេះធ្វើសមាជបង្កើតចលនាមួយ (ប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា) សម្រាប់កកូរកកាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា គឺជារឿងខុសច្បាប់អន្តរជាតិហើយ មានន័យថាប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ បានកំពុងលូកដៃកកូរកកាយក្នុងអធិបតេយ្យភាពរបស់កម្ពុជាហើយ។

រីឯឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្កីជាតិខ្មែរ បានមានប្រសានស៍ថា សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស គឹជាការធ្វើនយោបាយមួយដែលផ្ទុយអំពីច្បាប់ និងដើរហួសបវន្ទាត់ក្រហមរបស់ច្បាប់ ដើរហួសគន្លងច្បាប់។ ដោយសារសកម្មភាពស្តែងឱ្យឃើ់ញពីការរៀបចំអង្គការចាត់តាំង បង្កើតជាក្រុមប្រឆាំងជ្រុលនិយមធ្វើនយោបាយប្រជាភិថុតបោកប្រាស់ប្រជាពលរដ្ឋ ញុះញង់បំផ្លើសបំភ្លៃក្រឡៃប្រឌិតប្រវត្តិសាស្ត្រ ដូចជាករណីកន្លងមកលើបញ្ហាដែនដីកម្ពុជាទាក់ទិននឹងព្រំដែនជាមួយប្រទេសជិតខាង លើកយកបញ្ហា CLV ជាប្រធានបទមួយបញ្ជេះកំហឹង ញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌ និងបញ្ហាព្រំដែនជាមួយថៃ ដូចជាបញ្ហាកោះគុតបំផ្លើ់សបំភ្លៃប្រវត្តិសាស្ត្រ បំផ្លើសបំភ្លៃទៅនឹងសកម្មភាពនយោបាយមួយចំនួនទៅតាមចេតនាទុច្ចរិតរបស់ពួកគេចង់បាន គឺជាចេតនាចង់ទាញប្រទេសកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមសារជាថ្មី។ ឯកឧត្តមបានបញ្ជាក់ថា អ្វីទាំងអស់នេះ ស្តែងឱ្យឃើញថា គឺជាចេតនាធ្វើនយោបាយមិនមែនរក្សាផលចំនេញសម្រាប់ជាតិ និងប្រជាជនកម្ពុជាទេ។ សកម្មភាពនយោបាយរបស់ក្រុមជ្រុលនិយម គឺជាក្រុមឧទ្ទាមក្រៅច្បាប់ គឺបានធ្វើគ្រប់រូបភាពទាំងអស់ក្នុងន័យបំផ្លាញខ្មែរ។ ការណ៍នេះ គឺជារឿងដែលមិនគួរលើកលែងជាដាច់ខាត ហើយស្នើសុំរាជរដ្ឋាភិបាលពន្លឿនការតាក់តែងច្បាប់ បង្កើតច្បាប់ភេរវកម្មដើម្បីដាក់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ទាំងអស់នេះ ទៅជាក្រុមភេរវករដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
ដោយ៖ពលជ័យ