ទូតអូស្ត្រាលី បញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្ត្រាលី
(ភ្នំពេញ)៖ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា បានបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្ត្រាលី ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន លើវិស័យសុខាភិបាល និងការបន្តផ្តល់អាហាររូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ផងដែរ ។
ឯកឧត្តម Derek Yip បញ្ជាក់បែបនេះ របស់ ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។
ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណ ប្រជាជន និងរាជដ្ឋាភិបាលអូស្ត្រាលី ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ទោះជាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ២.៣៥លានដូស ជូនប្រជាជនកម្ពុជា និងទូរទឹកកករក្សាសីតុណ្ណភាព ចំនួន ១៣៣ គ្រឿង ផងដែរ។ នេះសបញ្ជាក់អំពី ទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន៖ ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថនិងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូត ដែលបាននិងកំពុងបន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល និងដែលបានបង្ហាញពីការបេ្តជ្ញាចិត្ត ឥតងាករេបន្តគាំទ្ររួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥ ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ








