សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តោតលើ​អាទិ​ភាព​ចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅរសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សម្ដេចបវរធិបតី បានបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា។ ក្រសួងបានយកចិត្តទុកដាក់ជាប្រចាំពង្រឹងគុណភាពអប់រំគ្រប់កម្រិតថ្នាក់ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការគ្រប់គ្រងនៅតាមសាលារៀន ដោយផ្តោតលើស្តង់ដាសាលារៀនគំរូ ការចុះអធិការកិច្ចអប់រំ ការអនុវត្តតេស្តស្តង់ដាតាមសាលារៀនបានទៀងទាត់ និង ចាត់វិធានការជួយសិស្សរៀនយឺត។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្ដែងភាគរយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ កើនពី ៧២,៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៧៩% នៅឆ្នាំសិក្សា២០២៣- ២០២៤ ភាគរយសិស្សប្រឡងជាប់មធ្យមសិក្សាបឋមភូមិ កើនពី ៩៤,៥% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៩៦,២៧% នៅឆ្នាំសិក្សា ២០២៣-២០២៤ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner