សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តផ្តល់អាទិភាព ជ្រើសរើស​គ្រូ​បង្រៀន​​បំពេញបន្ថែម ដែលប្រកបដោយគុណភាព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាព ក្នុង​ការជ្រើសរើសគ្រូបង្រៀន ទាំង គ្រូបង្រៀនមានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែម នូវតម្រូវការគ្រូបង្រៀន ប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀត ។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅរសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជ្រើសរើសបន្ថែម គឺសម្រាប់គាំទ្រដល់ការអភិវឌ្ឍ​សមត្ថភាពគ្រូបង្រៀន ការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី ២១ ដល់យុវជន ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញ​ការអប់រំឌីជីថល ការកែទម្រង់សាលាគរុកោសល្យ ការលើក​កម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាព នៅគ្រឹះស្ថានឧត្តមសិក្សា ។

សម្តេចបវរធិបតី បានបញ្ជាក់ថា យើងត្រូវធ្វើការពង្រឹង​មូលដ្ឋានជាកិច្ចការចាំបាច់ គ្រូបង្រៀនត្រូវប្រឹងប្រែងផលិត​សិស្ស​​ប្រកបដោយគុណភាព ហើយរាជរដ្ឋាភិបាល ផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធន​មនុស្សរឹងមាំ រួមមាន៖

ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ទី២. ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស ។ ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់​ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner