ចិនចោទកោះតៃវ៉ាន់ចង់លះបង់ក្រុមហ៊ុនបន្ទះឈីបឲ្យអាមេរិក ជាថ្នូរនឹងការគាំទ្រផ្នែកនយោបាយ

ប៉េកាំង ប្រទេសចិននៅថ្ងៃពុធនេះ បានចោទប្រកាន់កោះតៃវ៉ាន់ថា មានបំណងលះបង់ឧស្សាហកម្មបន្ទះឈីប (semiconductor) របស់ខ្លួន ទៅឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្វើជា “វត្ថុអនុស្សាវរីយ៍” និងជាថ្នូរស្វែងរកការគាំទ្រផ្នែកនយោបាយពីទីក្រុងវ៉ាស៊ីនតោន។

ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ហៅកាត់ (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុនដូចជា Apple និង Nvidia កំពុងពិភាក្សាពីការទិញ-លក់ភាគហ៊ុនជាមួយក្រុមហ៊ុន Intel។

ភ្លាមៗ ទាំង TSMC និង Intel មិនបានបញ្ចេញប្រតិកម្មចំពោះរបាយការណ៍នេះទេ ហើយខាងភាគីរដ្ឋាភិបាលតៃវ៉ាន់ក៏មិនបានទទួលព័ត៌មាន អំពីកម្មវិធីវិនិយោគក្រៅប្រទេសណាមួយពី TSMC ដែរ។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោកស្រី Zhu Fenglian បានថ្លែងក្នុងសន្និសីទសារព័ត៌មានទាំងមិនបានបង្ហាញភស្តុតាងថា ប្រជាជននៅតៃវ៉ាន់មានការព្រួយបារម្ភថា TSMC អាចនឹងក្លាយជាក្រុមហ៊ុនUnited States Semiconductor Manufacturing Co។

លោកស្រីបន្ថែមថា ដើម្បីស្វែងរកផលប្រយោជន៍ដ៏អាត្មានិយម អាជ្ញាធរកាន់អំណាចនៅតៃវ៉ាន់បច្ចុប្បន្ន កំពុងពឹងផ្អែកលើកម្លាំងពីខាងក្រៅ ដើម្បីស្វែងរកសេរីភាព ដោយប្រើប្រាស់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន និងក្រុមហ៊ុនប្រទេសមហាអំណាច នៅក្នុងការស្វែងរកឯករាជ្យ។

អាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ ដែលបានដើរតួនាទីជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ដែលជារឿងធ្វើឱ្យទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំង ដ្បិតចិនចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន។

តួយ៉ាង កាលពីខែធ្នូឆ្នាំមុន ក្រសួងការពារជាតិតៃវ៉ាន់ទទួលបានរថក្រោះចម្បាំង Abrams ចំនួន ៣៨គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីយកមកពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពោះមុខការដាក់សម្ពាធរបស់ចិន។

រថក្រោះ M1A2 Abrams ទាំងនេះ គឺជាក្រុមដំបូង ក្នុងចំណោម ១០៨គ្រឿង ដែលតៃវ៉ាន់បានបញ្ជាទិញកាលពីឆ្នាំ២០១៩។ តៃវ៉ាន់បានកំណត់ថវិកាជាង ១.២ពាន់លានដុល្លារ សម្រាប់ការទិញរថក្រោះ M1A2 Abrams ពីអាមេរិក។ តៃវ៉ាន់រំពឹងថា នឹងទទួលបានពួកវាគ្រប់ចំនួន ១០៨គ្រឿងនៅចន្លោះឆ្នាំ២០២៥-២០២៦៕

ប្រភព ៖ Reuters និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner