សម្តេចធិបតី៖ ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយបានបរិហារដើម្បីបំពានលើតថភាពប្រវត្តិសាស្ត្រនិងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ ៧ មករា ១៩៧៩
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា លទ្ធិជ្រុលនិយម គឺជាសត្រូវនៃភាពសុខដុមរមនា និងសន្តិសហវិជ្ជមាននៅក្នុងសង្គម។ ជាក់ស្តែងគ្មានសង្គមណាមួយដែលមានភាពបរិសុទ្ធឥតខ្ចោះ នៃជាតិសាសន៍ ឬសាសនានោះទេ។ សង្គមដែលទាមទារភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមកនៅសោកនាដកម្ម គឺធ្វើទុក្ខបុកម្នេញ ការសងសឹកគ្មានទីបញ្ចប់ ហើយដែលអាក្រក់បំផុតនោះ គឺការរុញច្រានបោសសម្អាតជាតិសាសន៍។ តាមពិតពិភពលោកយើងពិតជាមានមេរៀនជាច្រើនរាប់មិនអស់ពីសោកនាដកម្មមានឫសគល់ចេញពីលទ្ធិជ្រុលនិយម បូករួមទាំងអ្វីដែលកម្ពុជាបានឆ្លងកាត់នៅរបបប្រល័យពូជសាសន៍។
ការបញ្ជាក់របស់សម្តេចធិបតីក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា “រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL)” នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា “ក្រុមប្រឆាំងជ្រុលនិយមព្រោះតែមហិច្ឆតានយោបាយ បានបរិហារដើម្បីបំពានលើតថភាពប្រវត្តិសាស្ត្រ និងគុណតតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងបងប្អូនខ្មែរឥស្លាមផង។ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងក្រុមជ្រុលនិយមមួយចំនួនបានបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាល, រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់តាមរយៈការបង្កើតច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត



