អង្គការសម្ព័ន្ធពិភពឥស្លាមនៅទីក្រុងម៉ាក់កា ៖ កម្ពុជា ជាប្រ​ទេស​គំរូ​មួយនៅលើពិភពលោក ដែលធានាបាននូវសុខដុម​នីយកម្ម​ជា​តិសាសន៍ និងសាសនា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារនៅ សណ្ឋាគារ​សុខាភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ ប្រតិភូ ចូលជួប​សម្ដែងការគួរសម និងបានថ្លែងអំណរគុណកម្ពុជាដែល​បាន​ទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម​ និង គណៈប្រតិភូ​ដែលបានចូលរួមកិច្ចកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នាឱកាសននេះ។

ឯកឧត្តមបណ្ឌិតក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្ដងទៀត និងបានវាយ​តម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ជាពិសេសការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ដែលការណ៍នេះបានធ្វើឱ្យបណ្ដា​ប្រទេស​លើពិភពលោក កាន់តែចាប់ផ្ដោតការយកចិត្តទុកដាក់​ខ្ពស់​ថែមទៀតមកលើកម្ពុជា។

បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា កម្ពុជា ជាប្រ​ទេស​គំរូមួយនៅលើពិភពលោក ដែលធានាបាននូវ​សុខដុម​នីយកម្មជាតិសាសន៍ និងសាសនា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះ​ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង និងគណៈប្រតិភូ ដែល​បាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ព្រមទាំងបានវាយតម្លៃខ្ពស់​ចំពោះការរៀបចំកិច្ចប្រជុំកំពូលនេះ ជាលើកដំបូងនៅកម្ពុជា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែល​គោរព​ និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿ​សាសនា​ផ្សេងៗ ហើយរាជរដ្ឋាភិបាល​ នីតិកាលមុនៗ ក៏ដូច​នីតិកាល​ទី៧​ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុង​ការធានា​ការ​រួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គម​កម្ពុជា ប្រកបដោយសុខដុមរមនា។ សម្ដេចបវរធិបតីបាន​សង្កត់ធ្ងន់ពីសារៈសំខាន់ និងតួនាទីរបស់សាសនាក្នុងការចូល​រួមចំណែកដល់ការអប់រំប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យសង្គមជាតិ​មួយ គ្មានជម្លោះ និងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ, នៅក្នុងយុគសម័យឌីជីថល សាសនាកាន់តែ មានតួនាទីសំខាន់ថែមទៀតក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋ ជាពិសេស នៅកម្ពុជា សាសនាពិតជាបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គមជាតិ ដោយបានចូលរួមចំណែក​យ៉ាងច្រើន ដល់ការលើកកម្ពស់ការអប់រំតម្លៃមនុស្ស សីលធម៌ និងគុណធម៌ និងការកសាងខ្លួនជាពលរដ្ឋល្អសម្រាប់​ប្រទេស​ជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner