រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យើងចាំបាច់ត្រូវបន្តប្រយុទ្ធនឹងសត្រូវប្លាស្ទិកដើម្បីកម្ពុជាស្អាត
(ភ្នំពេញ)៖ បរិមាណសំណល់ប្លាស្ទិក ដែលកើនឡើងច្រើន កំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់យើង ។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ បែបនេះ ក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោង ស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីកម្ពុជាស្អាត បន្ទាប់មកពីចំនួនថង់ប្លាស្ទិក ត្រូវបានមើលឃើញមានការបោះចោល និងមានការប្រើប្រាស់ច្រើន នាពេលកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។
ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះត្រូវពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិកដែលប្រើតែម្តង ព្រមទាំងជំរុញវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែម របស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។
លោកជំទាវ Alissar Chake, តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានសំដែងសេចក្តីសង្ឃឹមថា គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងចូលរួមជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថ ឆ្ពោះទៅរកការលើកកម្ពស់ផលិតកម្មស្អាត និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងបង្កើនសេដ្ឋកិច្ចចក្រានៅកម្ពុជា។ គម្រោងក៏បានលើកទឹកចិត្តផ្តល់ការគាំទ្រទុន លើការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងការអនុវត្តគម្រោងផងដែរ។
ឯកឧត្តម H.E. Mr. UENO Atsushi, ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងសាទរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងគុណភាពបរិស្ថាន និងបានប្រកាសគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន និងដៃគូសហការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅទីប្រជុំជននៅកម្ពុជា។
សូមបញ្ជាក់ថា គម្រោងស្តីពី “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុននិងការគាំទ្របច្ចេកទេសពីអង្គការ UNDP ។ គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងកោះកុង ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព។
ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ស្អាត បៃតង និងនិរន្តរភាព) កម្ពុជាបានទទួលជោគជ័យក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិក រួមមាន “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលផ្តើមចេញពីកុមារ សិស្សានុសិស្សនៅតាមសាលារៀន រហូតមានអ្នកចូលរួមទូទាំងប្រទេសជាង ១០លាននាក់។ បន្ទាប់មកក្រសួងបរិស្ថានបានទទួលការគាំទ្រ និងចូលរួមបន្ថែមទៀត ដល់យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក”។
យុទ្ធនាការទាំងអស់របស់ក្រសួងបរិស្ថាន បាននិងកំពុងចង់ប្រែក្លាយសកម្មភាព ទៅជាចលនាដែលអនុវត្តជាប្រចាំ ដើម្បីប្រជាជនយើង មានការផ្លាស់ប្តូរឥរិយាបថ ចូលរួមក្នុងសកម្មភាពជាក់ស្តែង ដើម្បីថែរក្សា និងការពារបរិស្ថាននិងធនធានធម្មជាតិ តាមរយៈទម្លាប់ស្អាត ស្រឡាញ់ភាពបៃតង និងរស់នៅប្រកបដោយនិរន្តរភាព នាថ្ងៃអនាគត ជាពិសេសនៅតាម ភូមិ ឃុំ ស្រុក សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងតាមសហគមន៍មូលដ្ឋាន៕






ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា