រុស្ស៊ីថា អ៊ុយក្រែនបាត់បង់ទាហានជាង ១ លាននាក់ក្នុងសង្គ្រាម ៣ ឆ្នាំ
កៀវ ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាត់បង់ទាហានជាង ១ លាននាក់ ក្នុងនោះមានទាំងអ្នកស្លាប់ និងរងរបួស ក្នុងរយៈពេលបីឆ្នាំ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
សារព័ត៌មាន TASS របស់រុស្ស៊ី បានប៉ាន់ប្រមាណថា ការបាត់បង់ទាហានសរុបរបស់អ៊ុយក្រែន គឺជិត ១.០៨ លាននាក់ ដែលទំនងជាបានស្លាប់ និងរងរបួស នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្ស៊ី។
នៅឆ្នាំ ២០២២ អ៊ុយក្រែនបានបាត់បង់ទាហានប្រហែល ១១៨.៥០០ នាក់ និង ៤០៥.៥០០ នាក់នៅឆ្នាំ ២០២៣។ រីឯចំនួនអ្នកស្លាប់នៅឆ្នាំ ២០២៤ កើនលើសពី ៥៩៥.០០០ នាក់ ដែលច្រើនជាងក្នុងរយៈពេលពីរឆ្នាំដំបូងរួមគ្នា។
លើសពីនេះ អ៊ុយក្រែនក៏បានបាត់បង់យន្តហោះចម្បាំង ៦៥៦ គ្រឿង ឧទ្ធម្ភាគចក្រ ២៨៣ គ្រឿង យន្តហោះគ្មានមនុស្សបើក ៤៤.២៦៣ គ្រឿង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ៥៩៦ គ្រឿង។
មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនក៏បានខាតបង់រថក្រោះ ២១.៧១៣ គ្រឿង រួមទាំងរថពាសដែកផ្សេងទៀត និងប្រព័ន្ធបាញ់រ៉ុក្កែតច្រើន ១.៥២១ គ្រឿង កាំភ្លើងធំ ២១.៩៨០ ដើម និងរថយន្តយោធាពិសេស ២០ គ្រឿង និងកាំភ្លើងត្បាល់ចំនួន ៣ គ្រឿង៕



ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា