សិក្ខាកាម ៦៦នាក់ទទួលបានការបណ្តុះបណ្តាលជំនាញអាជ្ញាកណ្តាលគុនខ្មែរអន្តរជាតិកម្រិតC
(ភ្នំពេញ)៖សិក្ខាកាម ៦៦នាក់ក្នុងនោះក៏មាន ៦នាក់មកពីអន្តរជាតិត្រូវបានធ្វើការបណ្តុះបណ្តាលជំនាញអាជ្ញាកណ្តាលគុនខ្មែរកម្រិតអន្តរជាតិ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៥។
នេះបើយោងតាមការបញ្ជាក់ ពីលោក ជឹម ធារ៉ា មន្រ្តីសម្របសម្រួលវគ្គ ប្រាប់ឱ្យដឹង នាព្រឹកថ្ងៃទី២៧ ខែ កុម្ភៈនេះ ។

អ្នកសម្របសម្រួល វគ្គខាងលើ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គដំបូងសម្រាប់កម្ពុជាដែលជាការបណ្តុះបណ្តាលជំនាញអាជ្ញាកណ្តាលគុនខ្មែរអន្តរជាតិ ទទួលស្គាល់ ដោយសហព័ន្ធគុនខ្មែរអន្តរជាតិ ខណៈដែលវគ្គមុនៗគឺជាវគ្គបណ្តុះបណ្តាលធម្មតាមិនទាន់ចាត់បញ្ចូលកម្រិតណាមមួយឡើយ ពោលវគ្គមុនៗគឺជាវគ្គបណ្តុះបណ្តាលត្រៀមការប្រកួតភ្លាមៗមិនបានកំណត់ចូលដូចវគ្គកម្រិតCនេះឡើយ។

លោក អះអាងថា វគ្គបណ្តុះបណ្តាលគុនខ្មែរអន្តរជាតិកម្រិតCនេះ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គ និងទទួលស្គាល់ជាផ្លូវការដោយសហព័ន្ធគុនខ្មែរអន្តរជាតិ អាចទទួលបានសិទ្ធិចូលរួមដឹកនាំការប្រកួតដែលរៀបចំដោយសហព័ន្ធគុនខ្មែរអន្តរជាតិសម្រាប់ការប្រកួតទាំងក្នុងស្រុកនិងក្រៅប្រទេស។

លោក បានរំលេចទៀតថា ការបណ្តុះបណ្តាលជំនាញអាជ្ញាកណ្តាលគុនខ្មែរអន្តរជាតិកម្រិតCនេះ ជាវគ្គអាជ្ញាកណ្តាលកម្រិតខ្ពស់ បន្ទាប់ពីមានការស្នើសុំពីបណ្តាលប្រទេសជាច្រើនក្នុងអំឡុងការប្រកួតគុនខ្មែរអន្តរជាតិក្នុងឆ្នាំ២០២៤កន្លងទៅនៅខេត្តសៀមរាប ខណៈដែលបណ្តាប្រទេសស្នើសុំទាំងនោះ គ្រោងទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតគុនខ្មែរអន្តរជាតិ។

សម្រាប់ការបណ្តុះបណ្តាលអាជ្ញាកណ្តាលគុនខ្មែរអន្តរជាតិកម្រិតCនេះ គឺជាទិសដៅស្របទៅនិងចក្ខុវិស័យផលិតបានធនធានអាជ្ញាកណ្តាលគុនខ្មែរកម្រិតអន្តរជាតិបានកាន់តែច្រើន ដើម្បីជំរុញបំផុសចលនាផ្សព្វផ្សាយគុនខ្មែរអន្តរជាតិទៅកាន់ពិភពលោកក្នុងគោលដៅឱ្យអូឡាំពិកអន្តរជាតិទទួលស្គាល់។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន ៦៦នាក់ ក្នុងនោះអាជ្ញាកណ្តាលអន្តរជាតិចំនួន ៦នាក់ចូលរួមទទួលយកចំណេះជំនាញបំប៉នបន្ថែម មានដូចជា៖ ប្រទេសហ្វីលីន អឺរ៉ង់ អាមេរិក និងចក្រភពអង់គ្លេស៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ
